ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ តាមរយៈការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ រដ្ឋាភិបាលនឹងទទួលបានទិន្នន័យ និងមានលទ្ធភាពផ្តល់ការគាំទ្រទៅដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចំ គោលដៅ និងឆាប់រហ័ស

15

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា តាមរយៈការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ រាជរដ្ឋាភិបាលនឹងទទួលបានទិន្នន័យ និងមានលទ្ធភាពផ្តល់ការគាំទ្រទៅដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចំគោលដៅ និងឆាប់រហ័ស ពិសេសក្នុងអំឡុងពេលនៃវិបត្តិ ដូចជាគ្រោះមហន្តរាយធម្មជាតិ ឬជំងឺរាតត្បាតជាដើម។
ការថ្លែងបែបនេះរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅព្រឹកថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រៀបដូចជាកូនសោមួយ ដែលបងប្អូនអាចចាក់ ដើម្បីបើកទ្វារទៅកាន់ សេវាហិរញ្ញវត្ថុផ្លូវការ រួមទាំងសេវាឥណទាន ឬទុនវិនិយោគពីគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីពង្រីកមុខរបរ ដោយអាចចៀសវាងការទៅចងការ ឬទៅខ្ចីបុលក្រៅផ្លូវការដែលមានអត្រាការប្រាក់ខ្ពស់។ មិនតែប៉ុណ្ណោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏អាចបើកគណនីសន្សំ និងគណនីអាជីវកម្ម (Merchant Account – គណនីដាក់ឈ្មោះហាង) ពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលធនាគារជាតិនៃកម្ពុជា បានចេញសារាចរណែនាំរួចហើយ កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២៤។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អត្ថប្រយោជន៍សំខាន់មួយទៀតនៃការចុះឈ្មោះ គឺលទ្ធភាពក្នុងការចូលជាសមាជិកបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) ទៅតាមលក្ខខណ្ឌដែលបានកំណត់ និងងាយស្រួលក្នុងការបង់ភាគទាន ដើម្បីទទួលបានអត្ថប្រយោជន៍ផ្នែកថែទាំសុខ ភាព សម្រាប់ទាំងខ្លួនឯង និងសមាជិកគ្រួសារ។
សម្តេចបវរធិបតី បានឱ្យដឹងថា គិតមកដល់ពេលនេះរាជរដ្ឋាភិបាលបានពង្រីកការបន្ថែមការគ្របដណ្តប់កម្មវិធីមូលនិធិសមធម៌ ដល់ពលរដ្ឋគ្រួសារងាយរងហានិភ័យ និងក្រុមគោលដៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព (បសស) បានពង្រីកវិសាលភាពជាបន្តបន្ទាប់ដល់បុគ្គលិកក្នុងវិស័យសាធារណៈ បុគ្គលស្វ័យនិយោជ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស និងប្រជាជនដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។ ព្រមទាំងកម្មវិធីជួយសង្គមផ្សេងៗទៀតជូនប្រជាពលរដ្ឋគោលដៅដែលបច្ចុប្បន្ន មានប្រជាជនជាង ៧លាន ៣សែននាក់ ត្រូវបានគ្របដណ្តប់ដោយគម្រោងទាំង២នេះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «តាមរយៈការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ រាជរដ្ឋាភិបាលនឹងទទួលបានទិន្នន័យ និងមានលទ្ធភាពផ្តល់ការគាំទ្រទៅដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចំគោលដៅ និងឆាប់រហ័សពិសេសក្នុងអំឡុងពេលនៃវិបត្តិ ដូចជាគ្រោះមហន្តរាយធម្មជាតិ ឬជំងឺរាតត្បាតជាដើម។ ដូចក្នុងបទពិសោធន៍នៃជំងឺកូវីដ១៩ កន្លងទៅ និយាយឱ្យខ្លីដើម្បីឱ្យរាជរដ្ឋាភិបាលអាចជួយបងប្អូនឱ្យចំគោលដៅ និងទាន់ពេលវេលាទាល់តែស្គាល់បងប្អូនជាអ្នកណាខ្លះ នៅទីណាខ្លះ»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលជាគ្រួសារក្រីក្រ និងងាយរងគ្រោះការចុះឈ្មោះក៏នឹងជួយសម្រួលដល់ការទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃ តាមរយៈមូលនិធិសមធម៌សុខាភិបាល នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋនៅទូទាំងប្រទេស។ ចំណុចនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅដល់ការសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ដែលជាមូលដ្ឋានគ្រឹះនៃចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ សម្រាប់ការអភិវឌ្ឍជាតិប្រកបដោយសមធម៌ បរិយាបន្ន និងភាពធន់។
ទន្ទឹមនឹងនេះដែរ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការរៀបចំ និងដាក់ឱ្យប្រើប្រាស់ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺដើម្បីជួយមិនមែនដាក់បន្ទុកបន្ថែមដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនោះទេ។ ចំពោះកិច្ចការងារនេះធ្វើឡើងដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្តទាំងស្រុង មិនមានការចាប់បង្ខំនោះទេ ហើយសូមណែនាំឱ្យទប់ស្កាត់កុំឱ្យមានអ្នកឆ្លៀតឱកាសធ្វើសកម្មភាពផ្ទុយពីគោលបំណងរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏អំពាវនាវនិងលើកទឹកចិត្តឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលរួមចុះឈ្មោះទាំងអស់គ្នា ដើម្បីចាប់យកអត្ថប្រយោជន៍ផ្សេងៗ សំដៅធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាព ព្រមទាំងចូលរួមក្នុងដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕

អត្ថបទដែលជាប់ទាក់ទង