ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមិទ្ធផលដ៏ធំធេងរបស់កម្ពុជា គឺមានការចូលរួមយ៉ាងសកម្មពីស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន,នេះសម្ដេចធិបតីលើកឡើងមុនបើកវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា

17


ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា សមិទ្ធផលដ៏ធំធេង និងជោគជ័យយ៉ាងត្រចះត្រចង់ ដែលរាជរដ្ឋាភិបាលកម្ពុជា ទទួលបាននាពេលកន្លងទៅ គឺមានការចូលរួមយ៉ាងសកម្ម និងមិនអាចកាត់ផ្តាច់បានពីស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មាននោះឡើយ។
យោងតាមសារលិខិតជូនពរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២១ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន សម្ដេចមហាបវរធិបតី បានគូសបញ្ជាក់ដូច្នេះថា៖ «ការចូលរួមយ៉ាងសកម្មរបស់អ្នកសារព័ត៌មាន គឺភាពជាដៃគូ ដែលមិនអាចខ្វះបានរវាងរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័ន សារព័ត៌មាន»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អះអាងថា ក្នុងដំណាក់កាលណាក៏ដោយ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ ក្នុងការលើកតម្កើងសិទ្ធិសេរីភាពសារព័ត៌មាន និងសេរីភាពខាងការបញ្ចេញមតិ ស្របតាមរដ្ឋធម្មនុញ្ញនៃកម្ពុជា និងច្បាប់ស្តីពីរបបសារព័ត៌មាន។ រាជរដ្ឋាភិបាលកម្ពុជា ត្រូវការសារព័ត៌មាន ដែលមានថាមពលប្រកបដោយការទទួលខុសត្រូវ និងមានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈ និងអ្នកសារព័ត៌មាន ដែលហ៊ាននិយាយការពិតនិងហ៊ានរិះគន់ក្នុងន័យស្ថាបនា ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញនូវគ្រប់តថភាពសង្គម ដើម្បីជៀសវាងការផ្សព្វផ្សាយព័ត៌មានតែមួយជ្រុង ឬព័ត៌មានក្លែងក្លាយ។
សម្ដេចបានបន្តថា៖ «យើងត្រូវការនូវការរួមចំណែក ដើម្បីប្រឆាំងអំពើពុករលួយ ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌សង្គម ការកែទម្រង់រដ្ឋបាលសាធារណៈ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការកសាងសង្គមមួយប្រកបដោយភាពយុត្តិធម៌ សុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែងដែលជាបំណងប្រាថ្នា និងជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា»។
ឆ្លៀតក្នុងឱកាសនោះ សម្ដេចមហាបវរធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ឆ្នាំ២០២៤ ដែលបានលើកយក ប្រធានបទស្តីពី «វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ» ខណៈដែលការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ របស់អ្នកសារព័ត៌មានមួយចំនួននៅមានកម្រិត ជាពិសេសអ្នកសារព័ត៌មានតាមប្រព័ន្ធអនឡាញ ដែលករណីនេះទាមទារឱ្យមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ដោយត្រូវជំរុញការបណ្តុះបណ្តាលបង្កើនសមត្ថភាពជំនាញដល់អ្នកសារព័ត៌មាន និងបង្កើននូវទំនុកចិត្តដល់សាធារណជន។ សម្ដេចបានកត់សម្គាល់ឃើញថា ការប្រើប្រាស់សិទ្ធិនៃការបញ្ចេញមតិហួសព្រំដែនច្បាប់ នៅតែកើតមាន ដែលបញ្ហានេះបានបង្កនូវផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងជះឥទ្ធិពលអវិជ្ជមានដល់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ការគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល នាពេលកន្លងមក សម្ដេចបានកោតសរសើរដោយស្មោះចំពោះស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចរបស់ខ្លួនក្នុងស្មារតីទទួលខុសត្រូវខ្ពស់ នេះបានបង្ហាញឆន្ទៈក្នុងការចូលរួមចំណែកថែរក្សាសុខសន្តិភាពនិងការកសាងប្រទេសឱ្យមានការរីកចម្រើនប្រកបដោយចីរភាព និងបរិយាបន្ន ដោយសម្លឹងឆ្ពោះទៅបង្គោលចរណ៍ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»។ នេះបើតាមការបញ្ជាក់របស់សម្ដេចបវរធិបតី
សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២១ ឆ្នាំ២០២៤ នឹងផ្តល់នូវលទ្ធផលប្រកបដោយផ្លែផ្កា ដើម្បីបន្តរួមចំណែកជំរុញអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនមួយកម្រិតថែមទៀត។ សម្តេចសូមជូនពរដល់វេទិកាលើកទី២១នេះ និងជាពិសេស ដល់ក្លិបអ្នកកាសែតកម្ពុជា សូមទទួលបានជោគជ័យក្នុងការពិភាក្សារបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង