សម្តេចតេជោ ហ៊ុន សែន៖ ជ័យជម្នះក្នុងការគ្រប់គ្រងស្ថានការណ៍ ដែលបង្កើតដោយក្រុមប្រឆាំងកន្លងទៅ ឆ្លុះបញ្ចាំងឱ្យឃើញពីសមត្ថភាពនៃការដឹកនាំ របស់គណបក្សប្រជាជន និងអ្នកបន្តវេនវ័យក្មេង
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងបញ្ជាក់ថា ជ័យជម្នះក្នុងការគ្រប់គ្រងស្ថានការណ៍ ដែលបង្កើតឡើងដោយក្រុមប្រឆាំងកន្លងទៅ បានឆ្លុះ បញ្ចាំងឱ្យឃើញពីសមត្ថភាពនៃការដឹកនាំ ដែលមានចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាសមត្ថភាពរបស់អ្នកបន្តវេនវ័យក្មេង ដែលមានភាព ម្ចាស់ការខ្ពស់ ប្រកបដោយស្មារតីបុរេសកម្ម និងគិតគូរហ្មត់ចត់គ្រប់ជ្រុងជ្រោយ។
ថ្លែងនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កន្លងមកនេះក្រុមជ្រុលនិយមបានបំផុស និងប្រើប្រាស់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ធ្វើជាអាវុធនយោបាយ ដើម្បីមួលបង្កាច់ និងវាយប្រហាររាជរដ្ឋាភិបាល។ ការណ៍នេះបានធ្វើឱ្យប្រជាជនមួយចំនួនមានការភាន់ច្រឡំដូចជា៖ ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង៤ នៃភាគឦសានឱ្យទៅបរទេសជាដើម ហើយចុងក្រោយនេះក៏បានប្រើរឿងនេះ ដើម្បីញុះញង់ និងបំផុសប្រជាជនឱ្យចូលរួមអនុវត្ត «ផែនការ ១៨ សីហា» ក្នុងការប៉ុនប៉ងអុកឡុកបង្កអស្ថិរភាព ដល់សង្គមជាតិ ក្នុងគោលដៅឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់បន្ទាប់ពីឃើញការអនុវត្ត ជោគជ័យ នៅប្រទេសបង់ក្លាដេស។ ប៉ុន្តែយើងបានស្គាល់រួចទៅហើយពីរូបមន្តបដិវត្តន៍ពណ៌ ហើយយើងបានទប់ស្កាត់ មិនឱ្យកើតមាននោះឡើយ។
សម្តេចបានបន្តថា បញ្ហានេះបើយើងមិនឈ្លាសវៃ មិនអាចគ្រប់គ្រងស្ថានការណ៍បាននោះទេឈាមខ្មែរនឹងហូរជាថ្មី។ យ៉ាងណាក្តី «ផែនការ ១៨ សីហា» បានបរាជ័យទាំងស្រុង ហើយសុខសន្តិភាព និងស្ថិរភាព សង្គម ត្រូវបានធានាយ៉ាងរឹងមាំ។
ពាក់ព័ន្ធករណីនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ជ័យយជម្នះក្នុងការគ្រប់គ្រងស្ថានការណ៍នេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីសមត្ថភាព នៃការដឹកនាំដែលមានចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ របស់គណបក្ស ប្រជាជនកម្ពុជា ក៏ដូចជាសមត្ថភាព របស់អ្នកបន្តវេនវ័យក្មេងជំនាន់ក្រោយ ដែលមានភាពម្ចាស់ការខ្ពស់នៅក្នុងការដោះស្រាយបញ្ហាចំពោះមុខ ក៏ដូចជារាល់ទុក្ខកង្វល់របស់ប្រជាជន បានទាន់ពេលវេលា ប្រកបដោយស្មារតីបុរេសកម្ម និងគិតគូរហ្មត់ចត់ គ្រប់ជ្រុងជ្រោយ»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ទាំងនេះសុទ្ធតែជាឧបករណ៍នយោបាយ និងសមរភូមិសតិអារម្មណ៍ដែលច្រើនប្រើប្រាស់ដោយបក្សប្រឆាំង និងបរទេស ដែលព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា បង្កឱ្យមានភាពចលាចល ឬឈានដល់ការផ្លាស់ប្តូររបបដែលប្រាសចាកពីគន្លងប្រជាធិបតេយ្យ។ តថភាពទាំងនេះក៏បានរំលេចយ៉ាងច្បាស់ផងដែរថា នយោបាយប្រជានិយម, ជ្រុលនិយម និងដាច់ខាតនិយម ជ្រកក្រោមស្លាកជាតិនិយម និងប្រជាធិបតេយ្យ ក្លែងក្លាយគួរតែត្រូវបានថ្កោលទោស និងមិនត្រូវយកជាមធ្យោបាយសម្រាប់ការប្រជែងនយោបាយឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា អ្នកនយោបាយគ្រប់រូបគួរមានការទទួលខុសត្រូវចំពោះសន្តិភាព ហើយសន្តិភាព មិនគួរជាអាទិភាពបន្ទាប់បន្សំ ជាងការស្វែងរកជ័យជម្នះក្នុងការបោះឆ្នោត ឬការសម្រេច គោលដៅ មនោគមវិជ្ជាជាក់លាក់ណាមួយនោះទេ។ ម្យ៉ាងទៀតការធ្វើយុទ្ធនាការប្រមាថ បណ្តុះបង្អាប់, ការផ្សព្វផ្សាយព័ត៌មានមិនពិត និងការដាក់ទណ្ឌកម្មជាឯកតោភាគីលើប្រទេស ដែលមិនគោរពតាមរបៀប វារៈភូមិសាស្ត្រនយោបាយ មិនគួរក្លាយជានិយាមដែលមហាអំណាចអន្តរជាតិប្រកាន់យកនោះទេ៕