ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនភៀសខ្លួនស៉ីរីជិត ២០០ ០០០នាក់ ត្រឡប់ទៅប្រទេសកំណើតវិញ ចាប់តាំងពីការដួលរលំនៃរបបលោក

14


យូអិន៖ប្រមុខទីភ្នាក់ងារជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ (UN) លោក Filippo Grandi កាលពីថ្ងៃសៅរ៍ ទី១៨ ខែមករា បានឱ្យដឹងថា ជនភៀសខ្លួនស៉ីរីសរុបជិត២០០ ០០០នាក់ បានវិលត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ គិតចាប់ តាំងពីការដួលរលំ នៃរបបអតីតប្រធានាធិបតីស៉ីរី លោក Bashar al-Assad កាលពីដើមខែធ្នូ ឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោក Grandi បានបង្ហោះសារលើប្រព័ន្ធទំនាក់ទំនង X ថា ចន្លោះថ្ងៃទី៨ ខែធ្នូ ដល់ថ្ងៃទី១៦ ខែមករា ជនភៀសខ្លួនស៉ីរីចំនួនប្រហែល ១៩៥ ២០០នាក់ បានវិលត្រឡប់ទៅផ្ទះវិញ ហើយលោកបានបន្តថា ក្នុងពេលឆាប់ៗនេះ រូបលោកនឹងធ្វើទស្សនិច្ចទៅកាន់ប្រទេសស៉ីរី ព្រមទាំងបណ្តាប្រទេសជិតខាងដទៃទៀត ស្របពេលដែលទីភ្នាក់ងារ UNHCR របស់លោក បាននិងកំពុងខិតខំបង្កើនការគាំទ្ររបស់ខ្លួន។
កាលពីឆ្នាំមុន ប្រជាជនស៉ីរីរាប់សែននាក់ បានវិលត្រឡប់ទៅប្រទេសស៉ីរីវិញរួចជាស្រេច នៅពេលពួកគេរត់ចេញពីប្រទេសលីបង់ ដើម្បីគេច ពីការវាយប្រហាររបស់អ៉ីស្រាអែល អំឡុងសង្រ្គាមជាមួយក្រុមសកម្មប្រយុទ្ធហេសបូឡា នាពេលនោះ។ ការវិលត្រឡប់ទាំងនោះ គឺកើតមានឡើង មុនពេលកងកម្លាំងក្រុមឧទ្ទាម បានផ្តួលរលំរបបលោក Assad នៅថ្ងៃទី៨ ខែធ្នូ ក្រោយសង្រ្គាមស៉ីវិលរយៈពេល ១៣ឆ្នាំ ដែលបានសម្លាប់មនុស្សជាងកន្លះលាននាក់ ហើយបង្ខំឱ្យរាប់លាននាក់ ត្រូវរត់ភៀសខ្លួនចេញទៅក្រៅប្រទេស។
គួរបញ្ជាក់ថា តួកគី ដែលមានព្រំប្រទល់ប្រវែងជិត១០០០គីឡូម៉ែត្រ ជាមួយស៉ីរី ជាប្រទេសដែលមានជនជាតិស៉ីរីជ្រកកោន ច្រើនជាងគេបង្អស់លើពិភពលោក គឺប្រហែល២.៩លាននាក់ ដែលបានរត់ភៀសខ្លួន ចាប់តាំងពីឆ្នាំ២០១១មក៕

អត្ថបទដែលជាប់ទាក់ទង