អាស៊ាន ប្រាប់មីយ៉ាន់ម៉ាថា «បញ្ឈប់សង្គ្រាមសិន ចាំគិតរឿងបោះឆ្នោត»
គូឡាឡាំពួរ៖សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានជំរុញឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ផ្តោតលើការបញ្ឈប់អរិភាពនិងចាប់ផ្តើមកិច្ចសន្ទនា ជាជាងការរៀបចំការបោះឆ្នោតនៅក្នុងបរិបទ នៃសង្រ្គាមស៊ីវិលដែលកំពុងកើតមាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក Mohamad Hasan បានថ្លែងក្រោយ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅលើកោះ Langkawi ដូច្នេះថា «យើងបានប្រាប់ពួកគេ (មីយ៉ាន់ម៉ា) ថា ការបោះឆ្នោតមិនមែនជាអាទិភាព ទេ។ អាទិភាពនៅពេលនេះ គឺការបញ្ឈប់ការបាញ់ប្រហារគ្នា»។
ទោះបីជាប្រឈមមុខនឹងការបះបោរប្រដាប់អាវុធ កាន់តែរីករាលដាលនិងសេដ្ឋកិច្ចធ្លាក់ចុះក៏ដោយ ក៏របបយោធានៅតែគ្រោងរៀបចំការបោះឆ្នោតនៅឆ្នាំនេះ ដែលអ្នករិះគន់ច្រានចោលថាជា ការបោកប្រាស់ដើម្បីរក្សាអំណាច។
គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងភាពចលាចល ចាប់តាំងពី ដើមឆ្នាំ២០២១ នៅពេលដែលយោធាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាល ស៊ីវិលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi ដែលនាំឱ្យមានការ តវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ និងការបះបោរប្រដាប់អាវុធកាន់តែ រីករាលដាលពាសពេញប្រទេស៕