ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ពូទីន និងលោក ស៊ី ជួបពិភាក្សាតាមវីដេអូភ្លាមៗ ក្រោយលោក ត្រាំ ចូលកាន់តំណែង

23


ក្រុងម៉ូស្គូ៖ ត្រឹមតែប៉ុន្មានម៉ោងក្រោយលោក ដូណាល់ ត្រាំ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានជួបពិភាក្សាតាមវីដេអូភ្លាមៗ នៅថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥។
ក្នុងជំនួបនោះលោក ពូទីន បានស្នើឱ្យមានការអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ដោយហៅលោក ស៊ី ថាជា «មិត្តសម្លាញ់»។ លោកបានគូសបញ្ជាក់ពី «ផែនការថ្មីសម្រាប់ការអភិវឌ្ឍភាពជាដៃគូទូលំទូលាយ និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររុស្ស៊ី-ចិន»។
ចំណែកលោក ស៊ី ក៏បានហៅលោក ពូទីន ថាជា «មិត្តសម្លាញ់» ផងដែរ និងបានបញ្ជាក់ពីការរីកចម្រើនយ៉ាងរឹងមាំនៃទំនាក់ទំនង ព្រមទាំងបង្ហាញក្តីសង្ឃឹមថា ទំនាក់ទំនងនឹងឈានដល់កម្រិតខ្ពស់ថ្មី។
ជំនួបនេះកើតឡើងចំពេល ដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសន្យាថា នឹងតឹងតែងចំពោះចិន និងស្វែងរកកិចច្ចព្រមព្រៀងបញ្ចប់សង្រ្គាម នៅអ៊ុយក្រែនជាមួយលោក ពូទីន។
គួរបញ្ជាក់ថា រុស្ស៊ី និងចិនដែលកំពុងប្រឈមមុខនឹងសម្ពាធពីលោកខាងលិច បាននិងកំពុងពង្រឹងទំនាក់ទំនងលើគ្រប់វិស័យ។ លោក ពូទីន បានបញ្ជាក់ថា ចិន គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់រុស្ស៊ី និងជាអ្នកប្រើប្រាស់ថាមពលដ៏ធំបំផុតរបស់រុស្ស៊ីផងដែរ។
ការជួបពិភាក្សានេះគឺជាសញ្ញាបង្ហាញយ៉ាងច្បាស់ ពីការបន្តនិងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ ចំពេលមានភាពមិនច្បាស់លាស់ ជុំវិញគោលនយោបាយ ការបរទេសរបស់រដ្ឋបាលថ្មីនៅសហរដ្ឋអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង