ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅរសៀលនេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤របស់ក្រសួងសាធារណការ និងដឹកជញ្ជូន

16


ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ អញ្ជើញជាធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
សន្និបាតបូកសរុបលទ្ធផលការងារវិស័យសាធារណការ និងដឹកជញ្ជូន បានចាប់ផ្ដើមដំណើរការនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ម្សិលមិញ ដឹកនាំដោយលោក ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
សន្និបាតនេះ ដើម្បីពិភាក្សា និងពិនិត្យវាយតម្លៃឡើងវិញរួមគ្នា លើវឌ្ឍនភាពការងាររបស់វិស័យសាធារណការ និងដឹកជញ្ជូន ដែលក្រសួងសម្រេចបានក្នុងរ ពេលមួយឆ្នាំកន្លងទៅ ក៏ដូចជាពិភាក្សាពីបញ្ហាប្រឈមនានា និងលើកទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់ ក្នុងស្មារតីចូលរួមអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងបុព្វហេតុចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព និងបរិយាបន្ន។
សូមជម្រាបថា ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ឲ្យមានប្រសិទ្ធភាព និងសម្រេចបានជោគជ័យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានកំណត់នូវចក្ខុវិស័យសំខាន់ៗចំនួនពីរ រួមមាន ទី១៖ ការលើកកម្ពស់សេវាដឹកជញ្ជូន តាមរយៈការអភិវឌ្ឍ និងបន្តធ្វើទំនើបកម្មការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រង និងការផ្តល់សេវាលឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត និងទី២៖ ការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹក ជញ្ជូនអន្តរមធ្យោបាយ ឡូជីស្ទីក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឲ្យមានគុណភាព សុវត្ថិភាព ចីរភាព ភាពធន់ និងបរិយាបន្ន។
ដើម្បីសម្រេចចក្ខុវិស័យទាំងពីរខាងលើ ក្រសួងបានដាក់ចេញនូវវិធានការគន្លឹះសំខាន់ៗ ក្នុងការកែលម្អ និងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវដែក និងផ្លូវទឹក ជាពិសេសផ្តោតលើការពង្រឹងគុណភាព ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតម្រង់ទិសឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ដែលមានភាពប្រទាក់ក្រឡា ប្រសិទ្ធភាពសេដ្ឋកិច្ច និងសុវត្ថិភាព ដើម្បីកាត់បន្ថយពេលវេលា និងចំណាយក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ។ ក្រសួងក៏បានជំរុញ ការរៀបចំច្បាប់ គោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេសដើម្បីពង្រឹងប្រសិទ្ធ ភាពនៃការគ្រប់គ្រងក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។
ថ្លែងក្នុងអង្គពិធី ជាមួយនឹងលទ្ធផលដ៏ល្អប្រសើរនៃការអនុវត្តការងារឆ្នាំ២០២៤ និងឆន្ទៈក្នុងការជំរុញនូវគុណភាព និងប្រសិទ្ធភាពការងារនៅក្នុងឆ្នាំ២០២៥នេះ លោករដ្ឋមន្ដ្រី បានស្នើថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទាំងអស់ បន្តខិតខំប្រឹងប្រែង និងរួបរួមគ្នាជាធ្លុងមួយចូលរួមអនុវត្តការងារប្រកបដោយភាពបុរេសកម្ម និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឆ្ពោះទៅសម្រេចបានជោគជ័យ នូវទិសដៅការងារស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ចំណូលថវិការដ្ឋរបស់ក្រសួងមានចំនួន ៩៧,៨៤៤លានរៀល (ប្រមាណ២៦លានដុល្លារ) និងចំណាយថវិកាចរន្ត សម្រាប់ដំណើរការរដ្ឋបាលមានចំនួន ៣៨,៩១៩២លានរៀល កើនឡើង៩,៥០៥លានរៀល ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៣៧,៩៦៨៧លានរៀល។
នៅឆ្នាំ២០២៤ ក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបានចំណូល ពីសេវាដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ចំនួន ២ ២៨១លានរៀល កើនឡើង ៣,៨៧% ធៀបនឹងឆ្នាំ២០២៣។ ក្រសួងបានផ្តល់សេវាចុះបញ្ជី៖ ១) នាវាផ្លូវទឹកចំនួន ២៦គ្រឿង និង ២) នាវាផ្លូវសមុទ្រចំនួន ១០គ្រឿង ក្នុងនោះ ទទួលបានចំណូលសរុបពីការផ្តល់សេវាដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ចំនួន ២ ២៨១ លានរៀល កើនឡើង ៣,៨៧% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ២ ១៩៦លានរៀល។
ទន្ទឹមគ្នានេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានការដឹកជញ្ជូនទំនិញឆ្លងកាត់ផែ (នាំចូល និងនាំចេញ) មានចំនួនសរុប ៩,៦០លានតោន និងទទួលបានចំណូលសរុបប្រមាណ ១១០,៣៨លានដុល្លារអាម៉េរិក កើនឡើង ២៤,១២% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៨៨,៩៤លានដុល្លារអាមេរិក។
កំពង់ផែស្វយ័តភ្នំពេញ សម្រេចបានការដឹកជញ្ជូនទំនិញឆ្លង កាត់ផែ (នាំចូល និងនាំចេញ) មានចំនួនសរុប ៤,៥១លានតោន និងទទួលបានចំណូលសរុប ប្រមាណ ៤៣,៤៥លានដុល្លារអាម៉េរិក កើនឡើង ១៦,៦០% ធៀបនឹងឆ្នាំ២០២៣ ដែលមាន ចំនួន ៣៧,២៧ លានដុល្លារអាម៉េរិក។
ក្នុងឆ្នាំ២០២៤ ក្រសួងបាននិងកំពុងធ្វើការគ្រប់គ្រង រួមទាំងស្ថាបនាផ្លូវជាតិ និងផ្លូវខេត្ត សរុបចំនួន៨៥៤ខ្សែ មានប្រវែងសរុប ២០,៣០៧.៦០គីឡូម៉ែត្រ កើនឡើង ២៩១,៦០គីឡូម៉ែត្រ ធៀបនឹងឆ្នាំ២០២៣ ដែលមានប្រវែង ២០,០១៦គីឡូម៉ែត្រ ក្នុងនោះក្រាលកៅស៊ូ និងបេតុងសរុបបានចំនួន ១១,៦៤៩គីឡូម៉ែត្រ ស្មើនឹង៥៧.៣៦% នៃប្រវែងផ្លូវសរុប។ ក្រសួងក៏បានបញ្ចប់ការសាងសង់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ មានចំនួន ៦គម្រោង និងមានប្រវែងសរុប ៣៦០,២៥គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិកាហិរញ្ញប្បទានដៃគូអភិវឌ្ឍន៍។
ដោយឡែក ចំពោះការចុះបញ្ជីយានយន្ត ក្រសួងសម្រេចបានចំនួន៣៧៣,០៦៩គ្រឿង (ម៉ូតូ ៣១៧,៧១២គ្រឿង និងរថយន្ត ៥៥,៣៥៧គ្រឿង) កើនឡើង០.០១% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៣៧០,៥៧៧គ្រឿង។ ក្រសួងក៏បានចុះបញ្ជីរថយន្តបំពាក់ផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួន ចំនួន ៣០ ៣៧១គ្រឿង ទទួលបានចំណូលសរុបប្រមាណ ១៨,៥១លានដុល្លារអាមេរិក កើនឡើង ០,០១% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ១៨,៣៩លានដុល្លារអាមេរិក។
ទន្ទឹមនេះ ក្រសួងសាធារណការ បានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ចំនួន ៤៦៧ ៣៦០គ្រឿង កើនឡើង ១២,៥៨% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៤១៥ ១២៩គ្រឿង។ ក្រសួងថែមទាំងបានត្រួតពិនិត្យ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់មានចំនួន ២ ៨៥១ ៥៥៨គ្រឿង ក្នុងនោះ យានយន្តពិន័យ មានចំនួន ១ ៨០៣គ្រឿង ថយចុះ ១៩,៧៦% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ២ ២៤៧គ្រឿង និងបានត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស មានចំនួន ៥៤ ៥២១គ្រឿង កើនឡើង ៤៦,២៦% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៣៧ ២៧៦គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង