ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឃួង ស្រេងសុំឲ្យប្រតិភូទីក្រុងឆុងឈីងពិនិត្យលទ្ធភាព ក្នុងការជួយសាងសង់ផ្លូវខ្សែក្រវ៉ាត់ក្រុង

60

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានស្នើអោយភាគីទីក្រុងឆុងឈីង ដែលមានប្រជាជនរស់នៅជាង៣៣ លាននាក់របស់ប្រទេសចិន ពិនិត្យលទ្ធភាពក្នុងការជួយសាងសង់ផ្លូវក្រវ៉ាត់ក្រុង១ខ្សែរបស់រាជធានីភ្នំពេញ ដោយជាប្រភេទជំនួយ ឬប្រភេទB.O.Tក៏បាន។

   ការស្នើឡើងបែបនេះរបស់លោកឃួង ស្រេងបានធ្វើឡើងក្នុងជំនួបពិភាក្សាការងារមួយ ជាមួយ ប្រតិភូក្រុងឆុងឈីងប្រទេសចិនដឹកនាំដោយលោកចូវ គីឈីង អនុប្រធានគណៈកម្មាធិការប្រឹក្សានយោបាយបក្សប្រជាជនចិនទីក្រុងឆុងឈីងកាលពីរសៀលថ្ងៃទី២៩វិច្ឆិកានេះនៅសាលារាជធានីភ្នំពេញ។

   ក្នុងជំនូបនោះ គឺបានផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងទីក្រុងឆុងឈីងលើវិស័យសេដ្ឋកិច្ច,

ពាណិជ្ជកម្ម,ទេសចរណ៏និងវប្បធម៌។

   លោកឃួង ស្រេង បានជំរាបជូនភ្ញៀវពីសក្តានុពលដែលរាជធានីភ្នំពេញមាន ជាពិសេសការវិនិយោគលើវិស័យផ្សេងៗដូចជា ផ្នែកសំណង់,ទេសចរណ៏,អប់រំ ពាណិជ្ជកម្ម,កសិកម្មជាដើម ហើយរាជធានីភ្នំពេញត្រៀមខ្លួនជានិច្ចក្នុងការទទួលអ្នកវិនិយោគពីទីក្រុងឆុងឈីង។

    លោកអភិបាលបានថ្លែងទៀតថា ដំណើរទស្សនកិច្ចរបស់លោកចូវ គីឈីង និងប្រតិភូនៅរាជធានីភ្នំពេញនាពេលនេះ គឺបានបង្ហាញពីការរិតចំណងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការកាន់តែល្អ ប្រសើរក្នុងនាមរាជធានីភ្នំពេញ និងទីក្រុងឆុងឈីងជាទីក្រុងសម្ពន្ធ័ភាពនឹងគ្នាដែលបានចុះអនុស្សារណៈជាមួយគ្នាតាំងពីឆ្នាំ២០០៤មកនិងស្របពេលនៃឆ្នាំខួបទី៦០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំង២កម្ពុជា.ចិនផងដែរ។

   លោកឃួង ស្រេង បានស្នើទៅភាគីទីក្រុងឆុងឈីង ដែលមានប្រជាជនរស់នៅជាង៣៣ លាននាក់របស់ប្រទេសចិន១នេះឲ្យពិនិត្យលទ្ធភាពក្នុងការជួយសាងសង់ផ្លូវក្រវ៉ាត់ក្រុង១ខ្សែរបស់រាជធានីភ្នំពេញជាប្រភេទជំនួយ ឬប្រភេទB.O.Tក៏បាន។

   លោក ចូវ គីឈីង បានបង្ហាញពីភាពរីកចំរើនរបស់ទីក្រុងឆុងឈីងនាពេលបច្ចុប្បន្ន ដែលរដ្ឋាភិបាលចិនចាត់ទុកថា ជាកន្ទុយនាគ ឯទីក្រុងសៀងហៃជាក្បាលនាគ ដោយកំណត់យកទន្លេយ៉ាងសេធ្វើជាគោល។ឆុងឈីង ជាទីក្រុងឧស្សាហ៏កម្មដ៏ សំខាន់១របស់ចិនដែលអាចផលិតរថយន្តបានប្រមាណ៣០លានគ្រឿង,ផលិត កុំព្យូទ័របានប្រមាណ៦០លានគ្រឿងក្នុង១ឆ្នាំៗ និងជាទីក្រុងដែលស្ថិតនៅចំណុចតភ្ជាប់ទៅកាន់បណ្តាប្រទេសនៅអាស៊ីផងដែរ។

    ក្នុងឱកាសនោះលោកចូវ គីឈីង ក៏បាន      អញ្ជើញលោកឃួង ស្រេង ទៅធ្វើទស្សនកិច្ចនៅទីក្រុងឆុងឈីងដើម្បីផ្លាស់ប្តូរបទ ពិសោធន៏ពីការអភិវឌ្ឍន៏ទីក្រុងកាន់តែឆាប់កាន់តែល្អ។

   លោកឃួងស្រេង បានសំរេចទទួលយកសំណើរនេះហើយថានឹងរៀបចំជាប្រតិភូទៅទស្សនកិច្ចអាចក្នុងខែមករា ឆ្នាំ២០១៩ខាងមុខនេះ៕

 

អត្ថបទដែលជាប់ទាក់ទង