ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចបវរធិបតី៖ណែនាំឱ្យបង្កើនការយកចិត្តទុកដាក់លើករណីចរាចរណ៍, សម្ដេចបារម្ភចំពោះអត្រាអ្នកស្លាប់ច្រើនដោយសារគ្រោះថ្នាក់ចរាចរណ៍

15

ភ្នំពេញ៖សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យមន្ត្រីនគរបាលរាជធានីខេត្តទូទាំងប្រទេស ត្រូវបង្កើនការយកចិត្តទុកដាក់លើករណីចរាចរណ៍, សម្ដេចក៏បានបង្ហាញក្តីព្រួយបារម្ភចំពោះអត្រា អ្នកស្លាប់ច្រើនដោយសារគ្រោះថ្នាក់ចរាចរណ៍។ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គឺជាឃាតកលាក់មុខដែលបន្សល់ទុកនូវសោកនាដកម្ម និងផលប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូល។
ការណែនាំបែបនេះរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ។
ជាមួយគ្នានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងត្រូវបន្តពង្រឹងកិច្ចសហការជាមួយក្រសួងមហាផ្ទៃ, ជាពិសេស ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពង្រឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក់ឱ្យបានម៉ឹងម៉ាត់។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញប្រើប្រាស់កម្មវិធីដកពិន្ទុបណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោកលើទូរស័ព្ទដៃ ដែលជាបច្ចេកវិទ្យាបានដាក់ឱ្យអនុវត្តកន្លងមករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបង្កើនការចូលរួមគោរពច្បាប់ ចរាចរណ៍ផ្លូវគោក និងឈានទៅកាត់បន្ថយអត្រានៃគ្រោះថ្នាក់ចរាចរណ៍ ឱ្យនៅកម្រិតអប្បបរមា។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យបង្កើនការត្រួតពិនិត្យជាតិស្រវឹងឡើងវិញ ពិសេសនៅពេលរាត្រី ខណៈនៅតែប៉ុន្មានថ្ងៃខាងមុខនេះ គឺដល់ថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន៕

អត្ថបទដែលជាប់ទាក់ទង