ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រាន់តែបង់ប្រាក់ពិន័យជាង៣ពាន់ដុល្លារភ្លាម សមត្ថកិច្ចដោះលែងមេឈ្មួញសត្វប្រវឹកជាង៥០០ក្បាល

66

ស្វាយរៀង៖ ក្រោយធ្វើការផាកពិន័យជាប្រាក់ជាង៣ពាន់ដុល្លារ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ សហការជាមួយអង្គការវ៉ាយអេត បានដោះលែងមេឈ្មួញប្រុសស្រី២នាក់ ដែលដឹកសត្វប្រវឹក២៤ជាល ស្មើ៥២៨ក្បាល បម្រុងលោតឆត្រឆ្លងដែនទៅប្រទេសវៀតណាម។ សត្វប្រវឹក៥២៨ក្បាល ត្រូវបានដកហូត យកទៅលែងនៅ រមណីយដ្ឋានសត្វព្រៃភ្នំតាម៉ៅ រីឯរថយន្តត្រូវដកហូតទុក រយៈពេលមួយខែ ទើបឲ្យម្ចាស់រថយន្ត ធ្វើសំណើសុំយកទៅប្រើប្រាស់វិញ។

មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើស្វាយរៀង បានបង្ហើបឲ្យដឹងថា ការបង្ក្រាបបទល្មើសសត្វព្រៃនេះ ធ្វើឡើងនៅវេលាម៉ោង៦ល្ងាចថ្ងៃទី២៨ វិច្ឆិកា ២០១៨ នៅត្រង់ចំណុចភូមិស្នាយគ្រាង ឃុំធ្លក ស្រុកស្វាយជ្រុំ ខណៈជនល្មើសបម្រុងដឹកឆ្លងដែនទៅប្រទេសវៀតណាម។ សមត្ថកិច្ចបានបង្ក្រាបចាប់ឃាត់ខ្លួន និងដកហូតវត្ថុតាង មានសត្វប្រវឹក៥២៨ក្បាល ដែលដឹកតាមរថយន្តម៉ាកសាំយ៉ុងមួយគ្រឿង ពណ៌ខៀវពាក់ស្លាកលេខកំពង់ចាម 2A-4954 ចំណែកមេឈ្នួញ២នាក់ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ក្រោយផាកពិន័យ។

ដោយមានការសង្ស័យរថយន្ត១គ្រឿង ម៉ាកសាំយ៉ុងដឹកសត្វព្រៃ មកពីខេត្តកំពង់ចាម ចូលមកខេត្តស្វាយរៀង តាមផ្លូវជាតិលេខ៣១០ ក្រុមសមត្ថកិច្ចចម្រុះ នៃអង្គការវ៉ាយអេដ ដែលជាក្រុមអន្តរាគមន៍បង្ក្រាប បទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើ សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើស្វាយរៀង និងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានចុះបង្ក្រាបចាប់ឃាត់រថយន្តបទល្មើសខាងលើ រួមទាំងវត្ថុតាងសត្វព្រៃ គឺសត្វប្រវឹកចំនួន២៤ជាល ស្មើ៥២៨ក្បាល ត្រង់ចំណុចភូមិស្នាយគ្រាងព្រមទាំងឃាត់ខ្លួនមនុស្ស០២នាក់ ស្រីម្នាក់ បញ្ជូនមកខណ្ឌរដ្ឋបាលព្រៃឈើស្វាយរៀង ដើម្បីធ្វើការសាកសួរ។

នៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ក្រោយពិនិត្យឃើញថា សត្វប្រឹកទាំង៥២៨ក្បាល មានសុខភាពមិនសូវល្អ ក៏សម្រេចបញ្ជូនសត្វប្រវឹកទាំង៥២៨ក្បាល ទៅកាន់សួនសត្វភ្នំតាម៉ៅ ដើម្បីសង្គ្រោះ។ ក្រុមចម្រុះបង់ផាកពិន័យសត្វប្រវឹក១ក្បាលតម្លៃ១០ដុល្លារ ដូច្នេះត្រូវបង់ទាំងអស់៥.២៨០ដុល្លារ។ តែដោយឈ្មួញគ្មានប្រាក់បង់ ក៏នៅតវ៉ាសុំបញ្ចុះតម្លៃ១ក្បាលនៅត្រឹម៨ដុល្លារ ស្មើ៤២២៤ដុល្លារ តែឈ្មួញនៅតែមិនព្រមបង់ផាកពិន័យ ក៏ធ្វើរបាយការណ៍ បញ្ជូនទៅលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចុងក្រោយឈ្មួញ បានសុំអង្វរបង់ផាកពិន័យ១ក្បាល៦ដុល្លារស្មើ៣.១៦៨ដុល្លារ ទើបរួចផុតពីការចោទប្រកាន់ ហើយដោះលែងឈ្មួញទាំង២នាក់ ឲ្យមានសេរីភាពវិញនៅវេលាម៉ោង ៥ល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។ ចំពោះសត្វប្រវឹក៥២៨ក្បាល ត្រូវបានដកហូត យកទៅលែងនៅ រមណីយដ្ឋានសត្វព្រៃភ្នំតាម៉ៅ រីឯរថយន្តត្រូវដកហូតទុករយៈពេលមួយខែ ទើបឲ្យម្ចាស់រថយន្តធ្វើសំណើរសុំយកទៅប្រើប្រាស់វិញបាន។

ប្រជាពលរដ្ឋរាយការណ៍ មានឈ្មួញរកស៊ីសត្វព្រៃគ្រប់ប្រភេទ ឆ្លងដែនទៅប្រទេសវៀតណាម ស្ទើររាល់ថ្ងៃ គឺដឹកចេញតាមរថយន្ត មាន សត្វស្លាប សត្វស្វា សត្វពស់ អណ្តើក និងត្រកួត ជាដើម ហើយយូៗទើបសមត្ថកិច្ចចាប់ម្តង៕

អត្ថបទដែលជាប់ទាក់ទង