អាជ្ញាធររាជធានីភ្នំពេញនិងស្ថាប័នពាក់ព័ន្ធ បន្តយន្តការពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿង ខណៈគ្រឿងញៀននៅតែជាបញ្ហាប្រឈមនិងស្មុកស្មាញ
ភ្នំពេញ៖ បើទោះបីជាអាជ្ញាធរ មានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់បានខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ ក្នុងការបង្រ្កាប់ ទប់ស្កាត់ លើបញ្ហាគ្រឿងញៀនយ៉ាងណាក៏ដោយ ក៏សកម្មភាពប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក្នុងរាជធានីភ្នំពេញ នៅតែកើតមានជាហូរហែរ គួរឱ្យព្រួយបារម្ភ ដែលទាមទារឱ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់បន្តពង្រឹងយន្តការប្រយុទ្ធប្រឆាំងបន្ថែមទៀត ដើម្បីសុខដុមនីយកម្មក្នុងសង្គមទាំងមូល។
លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពី លទ្ធផល ត្រួតពិនិត្យគ្រឿងញៀន ប្រចាំឆ្នាំ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រទី៣០ វិច្ឆិកានេះបានលើកឡើងថា បញ្ហាគ្រឿងញៀន នៅតែជាក្តីកង្វល់និងប្រឈមយ៉ាងស្មុគ្រស្មាញរបស់អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធដោយជនល្មើសបានលួចលាក់ច្នៃ ផលិត ចរាចរ ជួញដូរ បង្ករឱ្យមានផលប៉ះពាល់ដល់ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍន៍សង្គម។
លោកអភិបាលរងបន្តថា មានប្រជាពលរដ្ឋ យុវជន យុវនារី មួយចំនួនបានធ្លាក់ខ្លួនទៅជាអ្នកញៀន និងប្រើប្រាស់គ្រឿងញៀនជាច្រើនឆ្នាំ ហើយពួកគេបង្កឱ្យមានអំពើហិង្សា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងក្លាយបន្ទុកយ៉ាងធ្ងន់ធ្ងរដល់គ្រួសារ សហគមន៍ និងសង្គមទាំងមូល។
លោកបានបញ្ជាក់ថា ក្នុងរយៈពេល៩ខែឆ្នាំ២០១៨នេះ ចំនួនបទល្មើសគ្រឿងញៀនទូទាំងប្រទេស មានការថយចុះប្រមាណ២០០ករណី ប៉ុន្តែនៅមានបទល្មើសកើតឡើងជិត៦ពាន់ករណីទៀត ដែលត្រូវបន្តយកចិត្តទុកដាក់ និងអនុវត្តគោលការណ៍ និងអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំឱ្យបានកាន់តែខ្លាំងក្លាថែមទៀត។
លោកនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា បើទោះជាជោគជ័យមួយកម្រិត ក្នុងការទប់ស្កាត់បញ្ហាគ្រឿងញៀននេះក៏ដោយ តែសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មិនបានសន្តិភាពជាមួយបទល្មើសនោះទេ នៅតែរកគ្រប់យុទ្ធសាស្រ្ត ដើម្បីបង្រ្កាប ទប់ស្កាត់ និងអនុវត្តនូវរាល់បទបញ្ជា ក៏ដូចជាការណែនាំរបស់ថ្នាក់លើឱ្យបានកាន់តែប្រសើរថែមទៀត។
លោកនាយឧត្តមសេនីយ៍បញ្ជាក់ថា បញ្ហាគ្រឿងញៀនៅលើពិភពលោក មិនមានសញ្ញាថយចុះនោះទេ ហើយតម្លៃគ្រឿងញៀន មានការធ្លាក់ចុះ ដែលបង្ករឱ្យមានភាពរីករាលដាល់កាន់តែខ្លាំង រួមទាំងកម្ពុជាផងដែរ។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៨នេះ បញ្ហាគ្រឿងញៀន នៅលើពិភពលោក នៅតែបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទាំងការដាំដុះ ផលិត ចរាចរជួញដូរ និងប្រើប្រាស់គ្រឿងញៀន គួរឱ្យព្រួយបារម្ភ៕