ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហេសបូឡា នឹងមិនទទួលយកឡើយ នូវគ្រប់ហេតុផលដើម្បីពន្យារពេលដកកងទ័ពរបស់អ៉ីស្រាអែល

40


ក្រុងគែរ៖មេដឹកនាំហេសបូឡា លោក Naim Qassem កាលពីថ្ងៃចន្ទ ទី២៧ ខែមករា បាននិយាយថាចលនារបស់លោកនឹងមិនទទួលស្គាល់ឡើយនូវរាល់ហេតុផលទាំងឡាយណា ដើម្បីពន្យារពេល ការដកកងទ័ពអ៉ីស្រាអែលចេញពីភាគខាងត្បូង នៃប្រទេសលីបង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រតិកម្មរបស់លោក Naim Qassem កើតមានឡើងបន្ទាប់ពីអ៉ីស្រាអែលកាលពីថ្ងៃសុក្រសប្ដាហ៍មុនបាននិយាយថាការដកកងទ័ពរបស់ខ្លួននឹងមានរយៈពេលលើស៦០ថ្ងៃ ជាថេរវេលាមួយដែលត្រូវ បានកំណត់នៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមហេសបូឡាមានមូលដ្ឋានក្នុងប្រទេសលីបង់ ដោយសង្កត់ធ្ងន់ថាលក្ខខណ្ឌនៃកិច្ចព្រមព្រៀងមិនត្រូវបានអនុវត្តពេញលេញដោយភាគីលីបង់។
នៅក្នុងសុន្ទរកថាជាវីដេអូមួយ មេដឹកនាំហេសបូឡារូបនេះបានគូសបញ្ជាក់ដូច្នេះថា «តើនឹងមានអ្វីកើតឡើងនៅក្រោយរយៈពេលតម្រូវឱ្យអ៉ីស្រាអែលដកកងទ័ព? អ៉ីស្រាអែលត្រូវតែដកកងទ័ព ពីព្រោះ រយៈពេលកំណត់ ៦០ថ្ងៃ បានអស់សុពលភាពហើយ។ ដូច្នេះយើងនឹងមិនទទួលយកឡើយនូវរាល់ហេតុផលដើម្បីពន្យារពេលណាមួយ ទោះបីជាពេលខ្លី ឬក៏មួយថ្ងៃក៏ដោយ»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន បានឱ្យដឹងថាកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៉ីស្រាអែល និងក្រុមហេសបូឡា នឹងបន្តចូលជាធរមានរហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ក្រោយ មានការឯកភាពគ្នាលើការពន្យាររយៈពេលឈប់បាញ់បន្ថែម ដែលដំបូងឡើយបទឈប់បាញ់ត្រូវផុតកំណត់នៅថ្ងៃទី២៦ ខែមករា។ លោក Qassem ក៏បានបញ្ជាក់ក្នុងសុន្ទរកថារបស់លោកដែរថា ហេសបូឡា ទទួលបានព័ត៌មានថាទីក្រុងវ៉ាស៊ីនតោនពីដំបូងឡើយ បានស្នើសុំឱ្យក្រុមមន្ត្រីលីបង់ពន្យារពេលលើបទឈប់បាញ់រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ជាកាលបរិច្ឆេទមួយដែលលោក Qassem អះអាងថាត្រូវបានបដិសេធ។
ដោយឡែក នាយករដ្ឋមន្ត្រីបណ្ដោះអាសន្នរបស់លីបង់ លោក Najib Mikati បានលើកឡើងអំឡុងជំនួបជាមួយឯកអគ្គរដ្ឋទូតអាមេរិក លោកស្រី Lisa Johnson ថាខាងលីបង់យល់ព្រមទទួលយក ការពន្យារពេលបទឈប់បាញ់ជាមួយអ៉ីស្រាអែល រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ៕

អត្ថបទដែលជាប់ទាក់ទង