ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ដូណាល់ ត្រាំ បណ្ដេញមន្ត្រីក្នុងក្រសួងយុត្តិធម៌ជាច្រើននាក់ ដែលធ្លាប់ចូលរួមក្នុងការស៊ើបអង្កេតប្រឆាំងរូបលោក

47


ក្រុងវ៉ាស៊ីនតោន៖ក្រសួងយុត្តិធម៌អាមេរិករបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី២៧ ខែមករា បានបណ្ដេញមន្ត្រីរបស់ខ្លួនជាច្រើននាក់ដែលធ្លាប់បានចូលរួម ក្នុងការស៊ើបអង្កេតលើ សំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងលោក ត្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
តាមមន្ត្រីម្នាក់របស់ក្រសួងយុត្តិធម៌ លោក James McHenry ជារដ្ឋមន្ត្រីយុត្តិធម៌ស្ដីទី បានធ្វើការសម្រេចចិត្តខាងលើ ពីព្រោះលោកជឿថាមន្ត្រីទាំងអស់នោះមិនអាចទុកចិត្តបានថានឹងអនុវត្តយ៉ាងពេញលេញ តាមរបៀបវារៈរបស់លោកប្រធានាធិបតី ត្រាំ នោះទេ ពីព្រោះពួកគេធ្លាប់ដើរតួនាទីយ៉ាងសំខាន់ក្នុងការចោទប្រកាន់លោកប្រធានាធិបតី»។ មន្ត្រីរូបនេះដដែល មិនបានបញ្ជាក់ថាតើមានមន្ត្រីប៉ុន្មាននាក់ ក្នុង ក្រសួងយុត្តិធម៌ ត្រូវបានបណ្ដេញចេញឡើយ តែប្រព័ន្ធផ្សព្វផ្សាយអាមេរិករាយការណ៍ថាអាចមានមន្ត្រីយ៉ាងហោច១២នាក់ ត្រូវបានបណ្ដេញចេញ។
គួរបញ្ជាក់ថា រដ្ឋអាជ្ញាពិសេសអាមេរិក លោក Jack Smith ដែលកាន់សំណុំរឿងព្រហ្មទណ្ឌចំនួន២ ប្រឆាំងនឹងលោក ដូណាល់ ត្រាំ បានលាលែងចេញពីតំណែងកាលពីដើមខែមករា។ លោក Smith បាន ចោទប្រកាន់លោក ត្រាំ ពីបទប៉ុនប៉ងកែប្រែលទ្ធផលបោះឆ្នោតដោយខុសច្បាប់កាលពីឆ្នាំ២០២០ និងកាន់កាប់ឯកសារសម្ងាត់ជាតិដោយខុសច្បាប់ ក្រោយចាកចេញពីសេតវិមាន។ ការបណ្ដេញមន្ត្រីទាំងនេះ មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ ពីព្រោះថាលោក ត្រាំ បានគំរាមតាំងពីអំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតមកម្ល៉េះថាលោកនឹងបណ្ដេញលោក Smith ចេញពីតំណែង រួមទាំងសងសឹកអ្នកដែលបានចូលរួម ក្នុងការស៊ើបអង្កេតរូបលោក ប្រសិនបើរូបលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។ លោក ត្រាំ ថែមទាំងបានចោទប្រកាន់ទៀតផងថាក្រសួងយុត្តិធម៌នៅក្រោមការដឹកនាំរបស់លោក ចូ បៃដិន ត្រូវបានប្រើជា ឧបករណ៍នយោបាយប្រឆាំងនឹងរូបលោក៕

អត្ថបទដែលជាប់ទាក់ទង