យន្តហោះដឹកកម្មករប្រេង ធ្លាក់នៅស៊ូដង់ខាងត្បូង, ស្លាប់ ២០នាក់
ស៊ូដង់ខាងត្បូង៖យន្តហោះខ្នាតតូចមួយគ្រឿង ដឹកកម្មករប្រេងបានធ្លាក់នៅរដ្ឋ Unity ប្រទេសស៊ូដង់ខាងត្បូង នៅថ្ងៃពុធនេះ ដែលបណ្តាលឱ្យមនុស្ស ២០នាក់ស្លាប់។ នេះបើតាមយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
យន្តហោះនោះ បានធ្លាក់នៅឯព្រលានយន្តហោះ Unity oilfield ពេល កំពុងធ្វើដំណើរទៅកាន់រដ្ឋធានី Juba។ អ្នកដំណើរទាំងអស់គឺជាកម្មករ របស់ក្រុមហ៊ុន Greater Pioneer Operating Company (GPOC) ដែលជាសម្ព័ន្ធក្រុមហ៊ុន រួមមានសាជីវកម្មប្រេងជាតិចិន និងសាជីវកម្មប្រេងរដ្ឋ Nile Petroleum។ ក្នុងចំណោមអ្នកស្លាប់មាន ជនជាតិចិន ២នាក់ និងឥណ្ឌាម្នាក់ផងដែរ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់រដ្ឋ Unity លោក Gatwech Bipal បាន បញ្ជាក់ថា មនុស្សម្នាក់នៅរស់រានមានជីវិត។ ទោះជាយ៉ាងណា មូលហេតុនៃការធ្លាក់យន្តហោះ មិនទាន់ត្រូវបានបញ្ជាក់ច្បាស់នៅឡើយទេ៕