ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតីចុះពិនិត្យការអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវនៅខេត្តកណ្តាល និងតាកែវ

34


កណ្តាល, តាកែវ៖នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋនៅក្នុងខេត្តកណ្តាល និងខេត្តតាកែវ។ ដំណើរចុះទៅពិនិត្យកិច្ចអន្តរាគមន៍របស់សម្តេចនាយករដ្ឋមន្ត្រីនាព្រឹកថ្ងៃនេះ ជាដំណើរឆ្មក់ចុះ ដោយមិនមានការជូនដំណឹងអ្វីនោះឡើយ ហើយមានការអមដោយរដ្ឋមន្ត្រីតែពីររូបប៉ុណ្ណោះ គឺរដ្ឋមន្ត្រីធនធានទឹក និងរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។
យោងតាមបណ្តាញសង្គមរបស់សម្តេចនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ទីតាំងដែលសម្តេចបានចុះទៅនោះគឺនៅព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល និងស្រុកព្រៃកប្បាស ខេត្តតាកែវ ចំនួនជិត ២ពាន់ហិកតា និងតាមបណ្តោយប្រឡាយហនុមាន ឃុំពត់ស រ ស្រុកបាទី ខេត្តតាកែវ ដែលមានស្រូបចំនួនជិត ៤ពាន់ហិកតា កំពុងបូមទឹកដាក់សង្គ្រោះ។ ការអន្តរាគមន៍ ដែលឈរលេីមានប្រភពទឹកគ្រប់គ្រាន់ , រាជរដ្ឋាភិបាល គឺបានខិតខំគ្រប់លទ្ធភាពក្នុងការបូមទឹកសង្គ្រោះផង ហេីយក៏បានអន្តរាគមន៍ពង្វាងទឹកចេញពីទំនប់ទឹកតាសាល មកបំពេញបន្ថែមក្នុងទន្លេបាទី ដេីម្បីអាចនឹងធានាដល់ការប្រេីប្រាស់នារដូវប្រាំងខាងមុខផងដែរ។
ក្នុងឱកាសនោះសម្តេចនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតចុះពិនិត្យប្រព័ន្ធធារាសាស្ត្រដែលជាប្រព័ន្ធមានលក្ខណ:ពេញលេញ ធានាការស្រោចស្រពពេញមួយឆ្នាំ ដែលមានការចងក្រងជាសហគមន៍ ដោយរៀបចំដោយនាយកដ្ឋានសហគមន៍កសិករប្រេីប្រាស់ទឹក របស់ក្រសួងធនធានទឹក និងឧតុនិយម។ ជាលទ្ធផល ពួកគាត់អាចបង្កបង្កេីនផលបីដងក្នុងមួយឆ្នាំ ដោយមិនមានការខ្វះខាតទឹក ទូទាំង ២,៥០០ហិកតា ហេីយបាននឹងពង្រីកបន្ថែមចំនួន ជាង ៥០០ហិកតា ទៀត ជាពិសេសក៏នៅមានសល់ទឹកអាចបូមអន្តរាគមន៍សង្គ្រោះស្រូវដែលនៅក្បែរនោះបានជិត ១ពាន់ហិកតា បន្ថែមផងដែរ។
ព្រមជាមួយគ្នានេះ សម្តេចមហាបវរធិបតី ក៏បានឈាងចូលពិនិត្យផងដែរ នៅការដ្ឋានកសាង និងស្តាប្រឡាយលេខ ៧៦ ដែលជាប្រឡាយដ៏ធំមួយក្នុងចំណោមប្រឡាយជាច្រេីន ក្នុងគម្រោងនៃការពង្វាងទឹកជំនន់ពីរាជធានីភ្នំពេញ និងពហុបំណងនៃការស្តុកទឹកសម្រាប់បម្រេីដល់ការស្រោចស្រពផង និងផ្លូវទឹកផងដែរ។
សូមបញ្ជាក់ថា ដើមរដូវប្រាំងឆ្នាំនេះ ស្រូវប្រជាពលរដ្ឋជាច្រើនកន្លែង កំពុងជួបគ្រោះរីងស្ងួត និងខ្វះទឹក។ អាជ្ញាធរទាំងថ្នាក់ជាតិ និងក្រោមជាតិ កំពុងប្រមូលផ្តុំកម្លាំងគ្នា ជួយសង្គ្រោះស្រូវ។ កន្លែងខ្លះក៏មានទឹកជួយសង្គ្រោះ កន្លែងខ្លះទៀត មិនមាននោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង