ប្រធានាធិបតីអ៊ុយក្រែនទទូចឱ្យលោក ត្រាំ ឈរនៅខាងអ៊ុយក្រែន ដោយលើកឡើងថា «ពូទីនមិនខ្លាចអឺរ៉ុបទេ»
ក្រុងកៀវ៖ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ជំរុញឱ្យប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឈរនៅខាងអ៊ុយក្រែន ដោយលើកឡើងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News ថ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន «មិនខ្លាចអឺរ៉ុបនោះទេ»។
«យើងចង់ឱ្យគាត់ (ដូណាល់ ត្រាំ) នៅខាងយុត្តិធម៌ គឺនៅខាងអ៊ុយក្រែន» លោក Zelenskiy បានថ្លែង ដោយបញ្ជាក់ថា អ៊ុយក្រែនត្រូវការការធានាសន្តិសុខកាន់តែទូលំទូលាយ។
ការណ៍នេះកើតឡើងស្របពេលដែលប្រធានាធិបតីអាមេរិក ដែលធ្លាប់សន្យាបញ្ចប់សង្រ្គាម រុស្ស៊ី-អ៊ុយក្រែនយ៉ាងឆាប់រហ័ស ថ្មីៗនេះបានបង្ហាញពីឆន្ទៈជួបពិភាក្សាជាមួយលោក ពូទីន។ ជំហាននេះផ្ទុយពីគោលនយោបាយរបស់ អតីតប្រធានាធិបតី Biden ដែលជៀសវាងការទាក់ទងដោយផ្ទាល់ជាមួយមេដឹកនាំរុស្ស៊ី។
គួរបញ្ជាក់ថា ទោះបីជ័យជម្នះរបស់លោក ត្រាំ បានបង្កក្តីសង្ឃឹមខ្លះពីដំណោះស្រាយការទូត ក៏មានការព្រួយបារម្ភថា សន្តិភាពអាចនឹងធ្វើឱ្យអ៊ុយក្រែនខាតបង់ទឹកដី។ លោក Zelenskiy បាន អះអាងសាជាថ្មីថា អ៊ុយក្រែនមិនអាចទទួលស្គាល់ការកាន់កាប់របស់រុស្ស៊ីបានទេ តែពេញចិត្តនឹងដំណោះស្រាយការទូត៕