ធ្លាក់យន្ដហោះធុនតូចមួយគ្រឿង ផ្ទុកមនុស្ស ៦នាក់ នៅសហរដ្ឋអាមេរិក
ក្រុងវ៉ាស៊ីនតោន៖ក្រុមហ៊ុនសង្រ្គោះបន្ទាន់តាមផ្លូវអាកាសមួយនៅក្នុងសហរដ្ឋអាមេរិក បានឱ្យដឹងថាយន្ដហោះធុនតូចមួយគ្រឿងមានផ្ទុកកុមារម្នាក់ និងមនុស្ស៥នាក់ផ្សេងទៀត បានធ្លាក់នៅក្នុងទីក្រុង Philadelphia កាលពីថ្ងៃសុក្រ ទី៣១ ខែមករា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមក្រុមហ៊ុន Jet Rescue Air Ambulance ដែលធ្វើប្រតិបត្តិការយន្ដហោះខាងលើ យន្ដហោះរបស់ខ្លួនដែលបានធ្លាក់មានផ្ទុកក្រុមការងារនៅលើយន្ដហោះ៤នាក់ អ្នកជំងឺជាកុមារម្នាក់ និងអ្នកថែទាំអ្នកជំងឺម្នាក់ ហើយភ្លាមៗ ខាងក្រុមហ៊ុនមិនទាន់អាចបញ្ជាក់បានថាតើអាចនៅមានអ្នករស់រានមានជីវិតណាម្នាក់នៅឡើយទេ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមថាវាជារឿងគួរឱ្យសោកសៅ ចំពោះគ្រោះថ្នាក់ធ្លាក់យន្ដហោះនៅទីក្រុង Philadelphia រដ្ឋ Pennsylvania។ ដោយឡែក រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក ក៏បានទទួលស្គាល់ដែរថាមានមនុស្ស ៦នាក់ស្ថិតលើយន្ដហោះធុនតូចប្រភេទ Learjet 55 ដែលបានធ្លាក់នៅម៉ោងប្រហែល ៦៖៣០នាទីលា្ងច (ម៉ោងក្នុងតំបន់)។
ចំណែក ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់វិញបានរាយការណ៍ថាយន្ដហោះនេះបានធ្លាក់ចំតំបន់ទីប្រជុំជនមួយកន្លែងស្ថិតនៅក្បែរផ្សារទំនើប Roosevelt Mall ស្ថិតនៅភាគឦសាននៃទីក្រុង Philadelphia ដោយបណ្ដាលឱ្យមាន អគិ្គភ័យឆាបឆេះធ្វើឱ្យមនុស្សជាច្រើននាក់នៅលើដីរងរបួស ហើយផ្ទះមួយខ្នង និងរថយន្ដជាច្រើនគ្រឿងត្រូវបានភ្លើងឆេះ។ ភ្លាមៗ មិនទាន់មានការបញ្ជាក់ពីមូលហេតុបណ្ដាលឱ្យយន្ដហោះនេះធ្លាក់នោះទេ តែគ្រោះថ្នាក់នេះ បានកើតឡើងចំពេលអាកាសធាតុចុះត្រជាក់ខ្លាំងលាយឡំជាមួយភ្លៀងដែលពិបាកក្នុងការមើលផ្លូវ។
គួរបញ្ជាក់ថា គ្រោះថ្នាក់ធ្លាក់យន្ដហោះធុនតូចខាងលើ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីយន្ដហោះអ្នកដំណើរមួយគ្រឿងបុកជាមួយឧទ្ធម្ភាគចក្ររបស់យោធាអាមេរិក បណ្ដាលឱ្យធ្លាក់ចូលទឹកទន្លេ មួយនៅក្បែរ ទីក្រុងវ៉ាស៊ីនតោន ដោយសម្លាប់មនុស្ស៦៧នាក់ ហើយនេះជាសោកនាដកម្មធ្លាក់យន្ដហោះដ៏ប្រល័យបំផុតមួយនៅក្នុងសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ២០០៩មក៕