ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមឃួង ស្រេង អញ្ជើញចុះត្រួតពិនិត្យកន្លែងបាក់ស្រុតច្រាំងទន្លេមេគង្គ ចំនួន៣ទីតាំងនៅខណ្ឌជ្រោយចង្វាបញ្ជាឱ្យជំនាញចាក់ដីទប់ជាបន្ទាន់និងមានវិធានការទប់ស្កាត់កុំឱ្យបាក់តទៅទៀត

27

ភ្នំពេញ៖ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០២ កុម្ភៈ២០២៥នេះបានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដីចុះពិនិត្យ ទីតាំងបាក់ច្រាំងចំនួន៣កន្លែងនៅក្នុងមូលដ្ឋាន ខណ្ឌជ្រោយចង្វារ ដើម្បីចាត់វិធានការចាក់ដីនិងបូមខ្សាច់ចាក់ទប់ និងរិះរកវិធានការ បង្ការទប់ស្កាត់កុំឱ្យបាក់តទៅទៀតមានភាពយូរអង្វែង។
ទីតាំងដែលបានបាក់ហើយ ឯកឧត្ដមឃួង ស្រេងចុះធ្វើការត្រួតពិនិត្យនិងមានវិធានការទប់ស្កាត់នេះរួមមាន៖ទី១ គឺការបាក់ស្រុតច្រាំង ទន្លេ មេគង្គ ប្រវែង ប្រមាណ ៣០ម៉ែត្រនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ក្រោយពីបានបាក់ស្រុត កាលពីវេលា៩និង៣០នាទីព្រឹកថ្ងៃទី១កុម្ភៈម្សិលម៉ិញ។ ទីតាំងទី២ នៅចំណុចមុខវត្តបាក់ខែង សង្កាត់បាក់ខែង។ទីតាំងទី៣ នៅចំណុចមុខអនុវិទ្យាល័យចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា។
ក្នុងឱកាសនៃការចុះពិនិត្យនោះ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំឱ្យមន្ត្រីបច្ចេកទេសនៃមន្ទីរជំនាញរាជធានីភ្នំពេញ រុះរើសំណង់ដែលខូចខាត រួចដាក់គ្រឿងចក្រជាបន្ទាន់ ដោយបូមដីចាក់លុបដើម្បីទប់ស្កាត់ការបាក់ច្រាំងទន្លេនៅផ្សារក្រមួន ស្ថិតនៅភូមិខ្ទរនិងនៅចំណុចបាក់ស្រុតនៅចំណុចមុខអនុវិទ្យាល័យចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វាជាបន្ទាន់។ ជាមួយគ្នានេះ ឯកឧត្ដម ឃួង ស្រេងក៏បានណែនាំបន្ថែមឱ្យឯកឧត្ដមឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ ដែលទទួលបន្ទុកលើការងារនេះ ធ្វើលិខិតស្នើទៅក្រសួងធនធានទឹកនិងឧត្តុនិយម សុំមន្ត្រីជំនាញរបស់ក្រសួងចុះមកសិក្សានៅទីតាំងទាំង២ខាងលើ ដើម្បីបង្វែផ្លូវទឹកធ្វើយ៉ាងណាកុំឲ្យទឹកហូរមកបុកទីតាំងទាំងពីរនេះបន្តទៀត។
គូរបញ្ជាក់ថា៖ កាលពីនារសៀលថ្ងៃទី ០១ ខែកុម្ភះ ឆ្នាំ២០២៥ម្សិលម៉ិញនេះ មានករណីបាក់ស្រុតច្រាំងទន្លេ ប្រវែងប្រមាណ៣០ម៉ែត្រ  ជិតដល់ផ្លូវបេតុង  នៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ដែលបានធ្វើឱ្យប៉ះពាល់ជនរងគ្រោះចំនួន៣ម្ចាស់ ក្នុងនោះម្ចាស់ផ្ទះទី១ ដែលបានបាក់ទាំងស្រុង មានឈ្មោះ ឌី មីន អស់ផ្ទះចំនួន២៤បន្ទប់ ជាប្រភេទឥដ្ឋប្រក់ស័ង្កសី ទំហំ២០ម៉ែត្រ គុណ៣០ម៉ែត្រ។ ម្ចាស់ផ្ទះទី២ មានឈ្មោះ អ៊ុយ សម្បត្តិ ផ្ទះសង់អំពីឥដ្ឋបប្រកសង្កសី មានស្នាមប្រេះខ្លាំង មានប្រវែង ១០គុណ ៣០ម៉ែត្រ  គឺមិនអាចរស់នៅបាន។ ម្ចាស់ផ្ទះទី៣ឈ្មោះ ឌី ជា ផ្ទះសង់អំពីដែកប្រក់សង្កសី មានបីបន្ទប់ ប្រវែង ១០ម៉ែត្រ គុណនិង៣០ម៉ែត្រ គឺមិនអាចរស់នៅបាន ។
សំណង់ខាងលើដែលបានបាក់ស្រុតនេះ ជាប្រភេទសំណង់ថ្មី បានសាងសង់រួចប្រហែល១ឆ្នាំ ហើយទីតាំងដែលសាងសង់សំណង់នេះដែរជាទីតាំងចាក់សំរាម  ហើយម្ចាស់សំណង់បានចាក់ដីនិងខ្សាច់ធ្វើសំណង់ជាបន្ទប់ជួល បើទោះបី អាជ្ញាធរសង្កាត់ធ្វើការណែនាំយ៉ាងណាក៏ដោយក៏ពួកគាត់នៅតែបន្តការសាង់សង់ និងជួលឲ្យប្រជាពលរដ្ឋស្នាក់នៅដដែរ ទើបង្កឱ្យមានហានិភ័យបែបនេះ៕

អត្ថបទដែលជាប់ទាក់ទង