ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅវេលាម៉ោង១០យប់នេះ នឹងមានឮសំលេងទូងស្គរ គោះត្រដោក និង សំលេងផ្សេងៗយ៉ាងកងរំពង ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ

58

ភ្នំពេញ ៖ លោកស្រី ឯក យ៉ានី អភិបាលរង ខណ្ឌច្បារអំពៅ បានណែនាំដល់លោកចៅសង្កាត់ទាំង៨ , តាមបណ្តាវត្តនានា និង ប្រជាពលរដ្ឋទាំងអស់ក្នុងខណ្ឌច្បារអំពៅទាំងមូល សូមត្រៀម និង ចូលរួមទូងស្គរ គោះត្រដោក,ទះប៉ោត ជាដើម អោយបានកងរំពង នៅវេលាម៉ោង ១០យប់ ថ្ងៃទី៣០ ខែ វិច្ឆិកានេះ ដើម្បីអបអរសាទរ ល្ខោនខោលខ្មែរ ដែលត្រូវបានអង្គការយូណេស្កូ ដាក់ចូលក្នុងបញ្ជីរបេតិកភ័ណ្ឌអរូបីយនៃមនុស្សជាតិ នៅក្នុងឱកាសកិច្ចប្រជុំលើកទៅ១៣ ក្នុងទីក្រុងព័រល្វីស សាធារណៈរដ្ឋម៉ូរីស កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

   ការណែនាំបែបនេះ លោកស្រី ឯក យ៉ានី តំណាងអោយលោក ចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅបានធ្វើឡើង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះ ។

   លោកស្រីបញ្ជាក់ថា នេះជាមោទនភាពថ្មីមួយទៀតសំរាប់ ប្រជាពលរដ្ឋ និង ព្រះរាជាណាចក្រកម្ពុជា  ដែលល្ខោនខោលរបស់កម្ពុជា ត្រូវបានទទួលស្គាល់ថា ជាស្នាដៃសិល្បៈបុរាណដ៍វិសេសវិសាលអស្ចារ្យ និង មានតំលៃជាសាកល។  ល្ខោនខោល គឺជាបេតិកភ័ណ្ឌទី៥ ហើយដែលបានទទួលនូវឋានៈដ៍ឧត្តុង្គឧត្តម បន្ទាប់ពីការបញ្ចូល ប្រាសាទសំបូរព្រៃគុក​ ក្នុងបញ្ជីរបេតិកភ័ណ្ឌពិភពលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧​កន្លងទៅ។ បេតិកភ័ណ្ឌផ្សេងទៀត ដែលត្រូវបានបញ្ចូលក្នុងបញ្ជីរសម្បត្តិវប្បធ៌មពិភពលោក  រួមមាន៖ ប្រាសាទអង្គរវត្ត នៅឆ្នាំ១៩៩២ ,របាំក្បាច់បុរាណខ្មែរ ( របាំព្រះរាជទ្រព្យ) នៅឆ្នាំ២០០៣ និង ប្រសាទព្រះវិហារ នៅឆ្នាំ២០០៨។

​ការដាក់បញ្ចូលល្ខោនខោល ទៅក្នុងបញ្ជីរ អរូបីយនៃមនុស្សជាតិ នាពេលនេះ គឺជាការរួមចំណែក ធ្វើអោយកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីសុះសាយ ទូទាំងពិភពលោក ហើយធ្វើអោយកម្ពុជាក្លាយជាតួរអង្គកាន់តែលេចធ្លោថែមទៀត នៅលើវេទិកាបេតិកភ័ណ្ឌពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង