ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអគ្គនាយកក្រុមហ៊ុន JTI ៖បានខិតខំប្រឹងប្រែងក្នុងការចូលរួមចំណែកអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមកម្ពុជា តាមរយៈការទទួលបានចំណាត់ថ្នាក់ល្អ ក្នុងនាមជានិយោជក ក្រុមហ៊ុនប្រតិបត្តិអនុលោមតាមលក្ខន្តិកៈកម្ពុជា

14


ភ្នំពេញ៖នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Eddy Pirard អគ្គនាយក និងជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Japan Tobacco International (JTI) សកលលោក និងសហការី ចូលជួបសម្ដែងការគួរសមនៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ លោក Eddy Pirard និងសហការី ដែលបានអញ្ជើញមកប្រទេសកម្ពុជា និងស្នើសុំអនុសាសន៍ណែនាំ និងចក្ខុវិស័យពី សម្តេច ក្នុងកិច្ចដំណើរការរួមចំណែករបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ សម្តេចតេជោ បានបន្តថា ទោះបីសម្តេចមិនមែនជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក្តី សម្តេច នៅតែទទួលជួបជាមួយវិស័យឯកជន ដើម្បរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។
នាឱកាសជំនួបនេះ លោក Eddy Pirard បានលើកឡើងថា លោក និងសហការី មានកិត្តិយសយ៉ាងខ្លាំង និង ថ្លែងអំណរគុណ សម្តេចតេជោ ដែលបានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងរាយការណ៍ជូន សម្តេចតេជោ ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន JTI ក្នុងការចូលរួមចំណែកអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមកម្ពុជា តាមរយៈការទទួលបានចំណាត់ថ្នាក់ល្អ ក្នុងនាមជានិយោជក ក្រុមហ៊ុនប្រតិបត្តិអនុលោមតាមលក្ខន្តិកៈកម្ពុជា និងជាពិសេសការរួមចំណែកលើកស្ទួយបរិស្ថាននៅកម្ពុជា តាមរយៈសកម្មភាពបណ្តុះកូនឈើ និងការធ្វើការជាមួយ សហគមន៍មូលដ្ឋាន ការបណ្តុះបណ្តាលធនធានមនុស្ស ការជ្រើសរើសបុគ្គលិកក្នុងស្រុក និងបានក្លាយជាដៃគូដ៏ល្អជាមួយកម្ពុជាសម្រាប់វឌ្ឍនភាពរួមគ្នា ដោយចាត់ទុកថា ការរីកចម្រើនរបស់កម្ពុជា គឺជាការរីកចម្រើនរបស់ក្រុមហ៊ុន។ លោក Eddy Pirard បានបន្ថែមថា ក្រុមហ៊ុន JTI ប្រចាំនៅកម្ពុជា គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន JT Group ដែល មានភាគហ៊ុន៣៣% កាន់កាប់ដោយរដ្ឋាភិបាលជប៉ុន ហើយក្រុមហ៊ុននេះ ក៏មានអាជីវកម្មលើផ្នែកផ្សេងទៀតក្រៅពីឧស្សាហកម្មថ្នាំជក់ ដូចជាឧស្សាហកម្មឱសថ និងកែច្នៃអាហារផងដែរ។ លោក Eddy Pirard បានគូសបញ្ជាក់ថា ក្រុមហ៊ុនរបស់លោក មានវត្តមាននៅប្រទេសកម្ពុជាជាច្រើនឆ្នាំមកហើយ និងបានឃើញការរីកចម្រើនយ៉ាងលឿនខ្លាំងក្លារបស់ប្រទេសកម្ពុជា និងបានចាត់ទុកប្រទេសកម្ពុជាជាប្រទេសសំខាន់សម្រាប់ក្រុមហ៊ុន ព្រមទាំងស្វែងរកកិច្ចសហការ និងភាពជាដៃគូជាមួយអាជ្ញាធរកម្ពុជាដើម្បីបន្តរីកចម្រើនធំធាត់ថែមទៀត។ លោក Eddy Pirard មានជំនឿជឿជាក់យ៉ាងមុតមាំថា សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងដឹកនាំកម្ពុជាឈានទៅដំណាក់កាលថ្មីនៃការអភិវឌ្ឍជាតិ។
ជាកាតឆ្លើយតប សម្តេចតេជោ បានសាទរ និងវាយតម្លៃខ្ពស់លើក្រុមហ៊ុន JTI ចំពោះជោគជ័យសម្រេចបានកន្លងមក ជាភាពជាគម្រូល្អនៃអនុលោមភាពសារពើពន្ធ និងជាសមាជិកក្រុមធុរជនល្អបំផុត ព្រមទាំង ការចូលរួមរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍបៃតង និងប្រកបដោយចីរភាព និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និង ការផ្តល់ប្រព័ន្ធអគ្គិសនីប្រើពន្លឺព្រះអាទិត្យនៅបណ្តោយផ្លូវជាតិនានា។ សម្តេចតេជោ ក៏បានរំឭកអំពីអតីតកាលដែលគ្រួសារសម្តេចក៏ជាគ្រួសារកសិកររស់នៅតាមដងទន្លេមេគង្គដែលដាំថ្នាំជក់ និងចែករំលែកអំពីការវិវត្តនៃការសម្រេចជាគោលនយោបាយលើថ្នាំជក់របស់សម្តេច ពីពេលដែលចរន្តពិភពលោក មិនទាន់មានការហាមឃាត់ការជក់បារី រហូតមកទល់នឹងពេលបច្ចុប្បន្ន។ ក្នុងគោលដៅបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។ សម្តេចតេជោ បានផ្តល់អនុសាសន៍ដល់ក្រុមហ៊ុន ពិនិត្យលទ្ធភាព និងទាក់ទាញការវិនិយោគបន្ថែមទៀត ជាពិសេសពិធីកម្មផលិតកម្មលើវិស័យផ្សេងទៀតតួយ៉ាងដូចជាឧស្សាហកម្មឱសថ និងកែច្នៃអាហារ ។ ជាក់ស្តែង កម្ពុជា បាននឹងកំពុងក្លាយជាប្រទេសនាំមុខគេដែលដាំ និងប្រមូលផលស្រូវ និងគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោកនាពេលកន្លងទៅនេះ។
សម្តេចតេជោ ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តកិច្ចសហប្រតិបត្តិការល្អ និងឱ្យបានជិតស្និទ្ធជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញកិច្ចសហការសិក្សាស្រាវជ្រាវដោយប្រើប្រាស់បច្ចេកវិទ្យា និងបទពិសោធល្អៗ ជាពិសេស បទពិសោធន៍ជប៉ុន លើការជ្រើសរើសពូជ ការប្រើប្រាស់ដី និងបច្ចេកទេសកេ្សតសាស្រ្តដាំដុះ ជាពិសេស ដីដែលគ្មានឬមានល្បាប់តិចតួច សំដៅជួយកសិករបង្កើនគុណភាព និងទិន្នផលដាំដុះសន្លឹកថ្នាំជក់នៅកម្ពុជា។ សម្តេច បានបន្ថែមថា ក្រុមហ៊ុន គួរសហការណ៍ជាមួយសហគមន៍ដាំដុះសន្លឹកថ្នាំជក់ ដែលជាសមាជិកម៉ាកសមូហភាពរបស់ក្រសួងពាណិជ្ជកម្ម សិក្សា បង្កើនការផលិត និងពង្រីកទីផ្សារនាំចេញ ដើម្បីធានាបាននិរន្តរភាពនៃការដាំដុះក្នុងទំរង់ភាពជាដៃគូឈ្នះ-ឈ្នះ ផងដែរ។
សម្តេចតេជោ បានជូនពរ លោក Eddy Pirard និងសហការី ព្រមទាំងក្រុមហ៊ុន JTI ទទួលបានជោគជ័យ ក្នុងការបំពេញការងារ និងធុរកិច្ចនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង