ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដាក់វិន័យរដ្ឋបាលដោយកោសក់ហាត់កីឡា ទៅលើក្មេងទំនើង១៤នាក់ ដែលបង្ហោះម៉ូតូលើផ្លូវសាធារណៈ

13


ភ្នំពេញ៖នៅយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ បានធ្វើការល្បាតដើម្បី បង្ការ បង្ក្រាបក្រុមក្មេងទំនើងក្នុងភូមិសាស្រ្តខណ្ឌ ជាលទ្ធផលបានឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន១៥នាក់ (ស្រី១នាក់) ដែលធ្វើសកម្មភាពជាក្រុម បង្ហោះម៉ូតូតាមផ្លូវសាធារណៈ នៅចំណុចផ្លូវបេតុង ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។
ក្មេងទំនើងទាំងនេះ ត្រូវបញ្ជូនបន្តទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំ ក្នុងនោះក្មេងទំនើង១៤នាក់ ត្រូវដាក់វិន័យរដ្ឋបាល ដោយកោសក់ហាត់កីឡា លើកម៉ូតូដើរក្នងទីបញ្ជាការដោយស្រែកថា «ខ្ញុំក្មេងទំនើងបង្ហោះម៉ូតូ កុំយកតម្រាប់តាមខ្ញុំ ពីពេលនេះទៅ ខ្ញុំឈប់បង្ហោះម៉ូតូហើយ» ព្រមទាំងដកហូតម៉ូតូ៧គ្រឿង រក្សាទុក៣ខែផងដែរ។
សូមរំលឹកថា កន្លងមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ពាក់ព័ន្ធនឹងក្មេងទំនើង ដោយត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់។ ដោយឡែក ចំពោះក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង