សាខាកាកបាតក្រហមរាជធានីភ្នំពេញប្រាព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ ធ្នូ ២០១៨ ក្រោមទិសស្លោក យើងប្តេជ្ញារួមគ្នាបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥
ភ្នំពេញ៖ សាខាកាកបាតក្រហមរាជធានីភ្នំពេញ នាល្ងាចថ្ងៃសុក្រ ៨រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៨នេះ នៅអគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គម ស្ថិតក្នុងបរិវេណមណ្ឌលកុមារកំព្រាភ្នំពេញថ្មី សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានប្រាព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ ធ្នូ ២០១៨ ក្រោមទិសស្លោក (យើងប្តេជ្ញារួមគ្នាបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥) ក្រោមអធិបតីភាពលោក មាន ចាន់យ៉ាដា ប្រធានគណៈកម្មាធិការសាខា និងមានការអញ្ជើញចូលរួមពីលោក លោក លោកស្រីក្នុងជួរគណៈកម្មាធិការសាខា មន្ត្រីទីស្នាក់កណ្តាល មន្ត្រីប្រតិបត្តិសាខា អនុសាខា បុគ្គលិកអគារផ្កាម្លិះ ព្រមទាំងប្អូនៗ ក្មួយៗ កុមាររស់នៅជាមួយមេរោគអេដស៍-ជំងឺអេដស៍ និងកុមាររងផលប៉ះពាល់ សរុបចំនួនប្រមាណ៣៥០នាក់ ។
មានប្រសាសន៍នាឱកាសនោះ ក្នុងនាមលោក ឃួង ស្រេង ប្រធានកិត្តិយសសាខាលោក មាន ចាន់យ៉ាដា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ជូនដល់អង្គពិធីទាំងមូលប្រកបដោយសេចក្តីនឹករលឹក ។ លោកប្រធានគណៈកម្មាធិការសាខា ក៏បានពាំនាំនូវអនុសាសន៍៥ចំនុច របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជូនដល់បងប្អូន ក្មួយៗទាំងអស់ រួមមាន៖
១. សូមបងប្អូនជនរួមជាតិទាំងអស់ ជាពិសេសក្មួយៗជាយុវជន យុវនារី ត្រូវស្វែងយល់ឱ្យបានជាប្រចាំនូវចំណេះដឹងស្តីពីការបង្ការការចម្លងមេរោគអេដស៍ ដើម្បីបង្ការខ្លួនយើង គ្រួសារយើង សហគមន៍យើង និងសង្គមជាតិយើងពីការរាលដាលនៃមេរោគអេដស៍។
២. ប្រជាពលរដ្ឋដែលបានប្រព្រឹត្ត ឬសង្ស័យថា ខ្លួនបានប្រឈមនឹងការឆ្លងមេរោគអេដស៍ សូមប្រញាប់រួសរាន់ទៅស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ដោយស្មគ្រ័ចិត្ត និងរក្សាការសម្ងាត់ នៅតាមសេវាសាធារណៈ សេវាអង្គការសង្គមស៊ីវិល សេវាឯកជន។ល។ ដើម្បីឆាប់បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍ ដែលអាចប្រើប្រាស់ក្នុងការសម្រេចចិត្តទៅទទួលសេវាថែទាំ និងព្យាបាលបន្តបានទាន់ពេលវេលា។
៣. ស្ត្រីមានផ្ទៃពោះទាំងអស់ សូមប្រញាប់រួសរាន់ទៅស្វែងរកសេវាថែទាំ និងពិនិត្យផ្ទៃពោះឱ្យបានត្រឹមត្រូវ និងទៀងទាត់ទៅតាមការណែនាំរបស់បុគ្គលិកពេទ្យ ដើម្បីទប់ស្កាត់ការចម្លងមេរោគអេដស៍ពី ម្តាយទៅទារក។
៤.ត្រូវបញ្ឈប់ជាដាច់ខាត នូវគ្រប់ទម្រង់រើសអើង ឬមាក់ងាយទៅលើអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ព្រោះជាអំពើផ្ទុយទៅនឹងច្បាប់ស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។
៥.ប្រជាពលរដ្ឋទាំងឡាយដែលមានមុខរបរ ឬមានការប្រព្រឹត្តប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍ សូមប្រើប្រាស់ស្រោមអនាម័យឱ្យបាន១០០% នៅរៀងរាល់ពេលដែលមានទំនាក់ទំនងរួមភេទ។
ជាមួយគ្នានោះ លោកប្រធានគណៈកម្មាធិការសាខា និងគណៈអធិបតីទាំងអស់ ក៏បានចែកអំណោយមនុស្សធម៌ជូនដល់កុមាររស់នៅជាមួយមេរោគអេដស៍-ជំងឺអេដស៍ និងកុមាររងផលប៉ះពាល់ សរុបចំនួន២៥០នាក់ ក្នុង១នាក់ៗទទួលបាន ៖ គ្រឿងឧបភោគបរិភោគ១កញ្ចប់ សម្ភារៈសិក្សា១សម្រាប់ និងថវិកាចំនួន១មុឺនរៀល ៕