ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងធនធានទឹកចុះពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្ត្រ និងការងារអន្តរាគមន៍ទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

23

កំពង់ឆ្នាំង៖នៅព្រឹកថ្ងៃ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមនី្ទរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្ត្រលំហាច អូររលួស និងអាចាំង និងការងារអន្តរាគមន៍ទឹកសង្គ្រោះស្រូវប្រាំងប្រជាកសិករដែលជួបប្រទះបញ្ហាខ្វះទឹកស្រោចស្រព ក្នុងភូមិសាស្ត្រស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ថ្លែងក្នុងឱកាសចុះពិនិត្យការងារអន្តរាគមន៍ ឯកឧត្ដម រដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា ផ្ទៃដីបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករ ក្នុងឃុំមេលំ ឃុំខុនរ៉ង និងឃុំផ្សារ ក្នុងស្រុកបរិបូណ៌ មានប្រមាណ ១,៥០០ហិកតា បានជួបប្រទះបញ្ហាខ្វះទឹកស្រោចស្រព ខណៈ ប្រភពទឹកពីប្រព័ន្ធធារាសាស្ត្រនានា ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង បញ្ជូនមកដើម្បីស្រោចស្រពបានប្រមាណ ៤០៦ហិកតាប៉ុណ្ណោះ ដោយសារផ្ទៃដីទាំងនេះស្ថិតនៅក្រៅតំបន់ស្រោចស្រពរបស់ប្រព័ន្ធធារាសាស្ត្រលំហាច អូររលួស និងអាចាំង។
 ជាកិច្ចអន្តរាគមន៍ឯកឧត្ដមរដ្ឋមន្ត្រី បានបញ្ជាឱ្យក្រុមការងារបើកទឹកពីប្រព័ន្ធលំហាច និងប្រព័ន្ធអូររលួស រយៈពេល២ថ្ងៃបន្ថែមទៀត ដើម្បីបញ្ជូនទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករដែលកំពុងខ្វះខាតទឹកស្រោចស្រពប្រមាណ ១,៥០០ហិកតា ក្នុងឃុំទាំងបីនេះ និងបានសំណូមពរដល់បងប្អូន ប្រជាកសិករឱ្យរង់ចាំរហូតដល់ទឹកពេញប្រឡាយសិនចាំនាំគ្នាបូមបញ្ចូលស្រែ។
 ក្នុងឱកាសនោះដែរឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងក្រុមការងារ បានអញ្ជើញចុះពិនិត្យស្ថានភាពប្រឡាយនាំទឹកលំហាច អូររលួស និងអាចាំង ព្រមទាំងបានចុះពិនិត្យស្ថានភាពទីតាំងបូមទឹកប្រឡាយវាលប្រប៉ិន និងបានពិភាក្សាអំពីគម្រោងអភិវឌ្ឍន៍ ដើម្បីស្ដារប្រឡាយវាលប្រប៉ិនផងដែរ ។
 ឯកឧត្ដមរដ្ឋមន្ត្រី បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវបន្តយកចិត្តទុកដាក់លើការងារអន្តរាគមន៍សង្រ្គោះស្រូវរដូវប្រាំងជូនប្រជាកសិករឱ្យបានទាន់ពេលវេលា ព្រមទាំងផ្តល់ការណែនាំដល់សហគមន៍កសិករប្រើប្រាស់ទឹក និងអាជ្ញាធរមូលដ្ឋាន ឱ្យចូលរួមលើការងារថែទាំ និងការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត ដើម្បីឱ្យមាននិរន្តរភាពបានយូរអង្វែង ហើយប្រើប្រាស់ទឹកឱ្យមានលក្ខណៈសន្សំសំចៃខ្ពស់។
សូមជម្រាបថា ផែនការបង្កបង្កើនផលស្រូវប្រាំង នៅក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ឆ្នាំ២០២៥ មានចំនួន ៣៧,៧០០ហិកតា ប៉ុន្តែការអនុវត្តជាក់ស្តែងមានចំនួន ៥៩,៥៤៩ហិកតា៕

អត្ថបទដែលជាប់ទាក់ទង