ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋាភិបាលក្រុងម៉ូស្កូបដិសេធមិនបញ្ជាក់ពីការសន្ទនាតាមទូរសព្ទរវាងលោក ពីទីន និងលោក ត្រាំ កាលពីថ្ងៃអាទិត្យ

21


ក្រុងម៉ូស្គូ៖វិមានក្រឹមឡាំង កាលពីថ្ងៃទី១០កុម្ភៈនេះបានបដិសេធមិនបញ្ជាក់ ឬបដិសេធថាតើ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នោះទេ ជុំវិញការស្វែងរកដំណោះស្រាយចំពោះសង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ភាពមិនច្បាស់លាស់នេះ កើតឡើងចំពេលមានការរាយការណ៍ អំពីទំនាក់ទំនងដោយផ្ទាល់ ជាលើកដំបូងរវាងមេដឹកនាំនៃមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតទាំងពីរ កាលពីថ្ងៃអាទិត្យ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One កាលពីថ្ងៃអាទិត្យលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានអះអាងពីវឌ្ឍនភាពក្នុងការស្វែងរកដំណោះស្រាយចំពោះវិបត្តិអ៊ុយក្រែន ប៉ុន្តែបានបដិសេធមិនបង្ហាញព័ត៌មានលម្អិត អំពីទំនាក់ទំនងណាមួយ ជាមួយប្រធានាធិបតី រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។
នៅពេលត្រូវបានសាកសួរថា តើលោកបាននិយាយជាមួយលោក ពូទីន ចាប់តាំងពីចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឬមុន នេះដែរឬទេ លោក ត្រាំ បានត្រឹមឆ្លើយយ៉ាងខ្លីថា «ខ្ញុំបានធ្វើវា។ សូមនិយាយថា ខ្ញុំបាន…ហើយ ខ្ញុំរំពឹងថានឹងមានការសន្ទនាជាច្រើនទៀត។ យើងត្រូវតែបញ្ចប់សង្រ្គាម»។ លោកបាន បញ្ជាក់បន្ថែមថា«ប្រសិនបើយើងកំពុងនិយាយគ្នា ខ្ញុំមិនចង់ជម្រាបអ្នកអំពីខ្លឹមសារនៃការសន្ទនានោះទេ»។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងម៉ូស្គូនៅថ្ងៃចន្ទនេះ ជុំវិញសំណួរអំពីកាសន្ទនាតាមទូរសព្ទរវាងលោក ពូទីន និងលោក ត្រាំ ថា «គ្មានអ្វីផ្សេងទៀតដែលខ្ញុំអាចនិយាយបានទេ។ ខ្ញុំមិនអាចបញ្ជាក់ ឬបដិសេធវាបានទេ»។
គួរបញ្ជាក់ថា ភាពមិនច្បាស់លាស់នេះ បានបង្កើនការងឿងឆ្ងល់អំពីគោលនយោបាយរបស់លោក ដូណាល់ ត្រាំ ចំពោះសង្រ្គាមនៅអ៊ុយក្រែន។ លោក ត្រាំ ធ្លាប់បានសន្យាថានឹងបញ្ចប់សង្រ្គាមនេះ ប្រសិនបើលោកជាប់ឆ្នោត ប៉ុន្តែមិនទាន់បានបញ្ជាក់ពីផែនការជាក់លាក់ណាមួយនៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង