ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាត់វិធានការច្បាប់លើក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. ក្រោយបំពានការណែនាំ បន្តលួចបង្ហូរទឹកកខ្វក់ចូលក្នុងស្ទឹងព្រែកត្នោត

17


ភ្នំពេញ៖ក្រសួងបរិស្ថានប្រកាសចាត់វិធានច្បាប់ តាមមាត្រា៨២៤ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ លើក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. បន្ទាប់ពីរកឃើញក្រុមហ៊ុននេះបំពានការណែនាំ ហើយបន្តលួចបង្ហូរទឹកកខ្វក់ចូលក្នុងស្ទឹងព្រែកត្នោត។
ក្រុមជំនាញរបស់ក្រសួងបរិស្ថាន នៅថ្ងៃពុធទី១២ ខែកុម្ភះ ឆ្នាំ២០២៥ បានរកឃើញថា រោងចក្ររបស់ក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. ដែលមានមូលដ្ឋាននៅក្នុងភូមិសរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល បន្តលួចបង្ហូរសំណល់រាវមានពណ៌ និងមានក្លិន ចូលទៅក្នុងស្ទឹងព្រែកត្នោត។
ក្រុមហ៊ុននេះ បានធ្វើការលួចបង្ហូរសំណល់រាវបោកគក់ខោខៅប៊យ ចេញទៅក្រៅរោងចក្រ តាមរយៈបំពង់ទុយោពណ៌ខ្មៅ (អង្កត់ផ្ចិតទំហំ ០,៨០ម៉ែត្រ) បន្ទាប់មកហូរតាមចង្អូរប្រឡាយដីចូលទៅក្នុងស្ទឹងព្រែកត្នោត ដែលស្ថិតនៅចំណុច ផ្នែកខាងក្រោយទីតាំងក្រុមហ៊ុន (ដូចមានរូបភាពជាវីដេអូ)។
ក្រុមការងារបានចុះពិនិត្យបន្ថែម នៅចំណុចទីតាំងបង្ហូរសំណល់រាវនេះ គឺក្នុងស្ទឹងព្រែកត្នោត ត្រង់ចំណុចបង្ហូរទឹកនៅមានក្លិនទឹកអូសាវែល និងមានពណ៌ខៀវក្រម៉ៅខ្លះៗ។ តាមការឱ្យដឹងពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ទីតាំងក្រុមហ៊ុន បានឱ្យដឹងថា ភាគច្រើនក្រុមហ៊ុននេះ ធ្វើការបង្ហូរសំណល់រាវនៅពេលយប់។
ករណីលួចបង្ហូរសំណល់រាវ មិនបានឆ្លងកាត់អាប្រព្រឹត្តិកម្មត្រឹមត្រូវរបស់រោងចក្រនេះ កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៥ ក្រុមការងារអធិការកិច្ចរបស់ក្រសួងបរិស្ថាន បានចុះពិនិត្យ និងបានចាត់វិធានការច្បាប់ ផ្អាកដំណើរការផ្នែកផលិតកម្មរបស់ក្រុមហ៊ុន ដែលបង្កឱ្យមានការបញ្ចេញសំណល់រាវ ធ្វើឱ្យមានផលប៉ះពាល់ដល់ការប្រើប្រាស់ទឹក និងសុខភាពសាធារណៈ។
ប៉ុន្តែក្រុមហ៊ុននៅតែបំពាននឹងការណែនាំ ជាហេតុនាំឱ្យក្រសួងចាត់វិធានការច្បាប់តាមមាត្រា៨២៤ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។
តាមមាត្រា៨២៤ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ ជាមាត្រាចែងពីទណ្ឌកម្មរដ្ឋបាល។ ទណ្ឌកម្មរដ្ឋបាល មានជាអាទិ៍៖
ក- ការព្រមាន
ខ- ការផ្អាកសកម្មភាព ការព្យួរ ឬការដកហូតជាបណ្តោះអាសន្ននូវអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ កិច្ចសន្យា កិច្ចព្រមព្រៀង ឬគម្រោង។
គ- ការលុបចោល ឬការដកអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ កិច្ចសន្យា ឬកិច្ចព្រមព្រៀង៕

អត្ថបទដែលជាប់ទាក់ទង