ថ្លៃប្រេងធ្លាក់ចុះខណៈស្កុកប្រេងរបស់សហរដ្ឋអាមេរិកកើនឡើង
វ៉ាស៊ីនតោន៖តម្លៃប្រេងឆៅបានធ្លាក់ចុះជិត ១ភាគរយនៅថ្ងៃពុធក្រោយពេលឡើងថ្លៃរយៈពេល ៣ថ្ងៃ ខណៈដែលប្រភពនានាក្នុងឧស្សាហកម្មប្រេងបានចង្អុលបង្ហាញពីការកើនឡើងស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិក និងការលើកឡើងរបស់ប្រធានធនាគារកណ្តាលអាមេរិកលោក Jerome Powell អំពីការមិនប្រញាប់ទម្លាក់អត្រាការប្រាក់ឆ្នាំនេះ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្លៃប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាអនាគតបានធ្លាក់ចុះ ៦៧ សេន ឬ ០,៨៧ភាគរយមកនៅត្រឹម ៧៦,៣៣ដុល្លារក្នុងមួយបារ៉ែលនៅម៉ោងរសៀលថ្ងៃពុធ ខណៈប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់អាមេរិកបានធ្លាក់ចុះ ៧៥សេន ឬ ១,០២ភាគរយមកនៅត្រឹម ៧២,៥៧ដុល្លារក្នុងមួយបារ៉ែល។
ការធ្លាក់ចុះថ្លៃនេះកើតឡើងបន្ទាប់ពីបានឡើងថ្លៃរយៈពេលបីថ្ងៃជាពេលដែលប្រភេទឆៅប្រភេទ Brent ឡើងថ្លៃ ៣,៦ភាគរយ ហើយប្រេងឆៅប្រភេទ WTI កើនឡើង ៣,៧ភាគរយ។
លោក Harry Tchilinguirian ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន Onyx Capital Group បានប្រាប់រ៉យទ័រថា៖ «តម្លៃប្រេងបានបន្តនិន្នាការធ្លាក់ចុះរបស់ខ្លួនឡើងវិញ ដោយសារបរិយាកាសម៉ាក្រូបានដាក់បន្ទុកលើអារម្មណ៍ទីផ្សារ ដោយ Jerome Powell បង្ហាញថា ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកមិនប្រញាប់ប្រញាល់ក្នុងការបញ្ចុះអត្រាការប្រាក់ទេ»។
លោកបានបន្ថែមថា ក្នុងពេលជាមួយគ្នានេះ ពាណិជ្ជករកំពុងសម្លឹងមើលការចេញផ្សាយទិន្នន័យប្រេងប្រចាំសប្តាហ៍របស់សហរដ្ឋអាមេរិកផងដែរ។
ប្រធានធនាគារកណ្តាលអាមេរិក លោក Jerome Powell បាននិយាយកាលពីថ្ងៃអង្គារថា សេដ្ឋកិច្ចស្ថិតក្នុងស្ថានភាពល្អ ហើយធនាគារកណ្តាលមិនប្រញាប់ប្រញាល់កាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតទេ ប៉ុន្តែត្រូវត្រៀមខ្លួនទម្លាក់ប្រសិនបើអតិផរណាឬទីផ្សារការងារធ្លាក់ចុះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕