ចាត់វិធានការម៉ឺងម៉ាត់ដាច់ខាត បិទ ឬដកហូតអាជ្ញាបណ្ណអាជីវកម្ម ក្លឹបកម្សាន្ត ខុនដូ បារ KTV ផ្ទះសំណាក់ ដែលបណ្ដែតបណ្ដោយឲ្យមានសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀន
ភ្នំពេញ៖តាមរយៈផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១០ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនាំគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីគោលដៅដែលងាយរងផលប៉ះពាល់ដោយសារគ្រឿងញៀន។
លើសពីនេះ ត្រូវកោះអញ្ជើញម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងអាជីវកម្មទាំងនោះ មកធ្វើការពន្យល់ណែនាំឲ្យយកចិត្តទុកដាក់ ក្នុងការងារគ្រប់គ្រង ឲ្យបានហ្មត់ចត់ ព្រមទាំងធ្វើកិច្ចសន្យាសហការបង្ការ ទប់ស្កាត់មិនឲ្យកើតមានបទល្មើសគ្រឿងញៀន នៅក្នុងទីតាំងរបស់ខ្លួន។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវដឹកនាំកម្លាំងធ្វើរដ្ឋបាលក្នុងមូលដ្ឋាន ជាពិសេសកន្លែងមិនទាន់រៀបរយផ្សេងៗ រួមទាំងក្នុងក្លឹបកម្សាន្ត ខុនដូ បារ KTV ផ្ទះសំណាក់ ដោយត្រូវធ្វើការតាមដាន ត្រួតពិនិត្យ និងចាត់វិធានការម៉ឺងម៉ាត់ដាច់ខាត ដើម្បីបិទ ឬដកហូតអាជ្ញាបណ្ណអនុញ្ញាត ធ្វើអាជីវកម្មជាបណ្តោះអាសន្ន ឬជាស្ថាពរ ចំពោះទីតាំងអាជីវកម្មណាដែលបណ្ដែត បណ្ដោយឲ្យមានសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀន។
ការដាក់បទបញ្ជាបែបនេះ ធ្វើឡើងបន្ទាប់ពីបញ្ហាគ្រឿងញៀន នៅតែជាបញ្ហាប្រឈមរ៉ាំរ៉ៃ និងកំពុងបង្កហានិភ័យដល់សង្គមជាតិ ដោយការប្រើប្រាស់គ្រឿងញៀន នៅតាមសហគមន៍នៅបន្តកើតមាននៅឡើយ និងកំពុងតែទាមទារឲ្យចាត់វិធានការជាអាទិភាព ដើម្បីដោះស្រាយ ប្រកបដោយប្រសិទ្ធភាពបានទាន់ពេលវេលា។
ជាងនេះទៀតសម្តេចបវរធិបតី បានណែនាំឱ្យរៀបចំឲ្យមានកិច្ចប្រជុំពិគ្រោះយោបល់ជាមួយសហគមន៍ គ្រឹះស្ថានសិក្សា គ្រឹះស្ថានសាធារណៈ រោងចក សហគ្រាស និងវិស័យឯកជននានា ដើម្បីប្រមូលផ្ដុំកិច្ចសហការក្នុងការបង្ការ ទប់ស្កាត់បទល្មើសគ្រឿងញៀន ឬអនុវត្តវិធានការរដ្ឋបាល។
ចំពោះអគ្គនាយកដ្ឋានពន្ធនាគារវិញ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងពន្ធនាគារ និងមណ្ឌលអប់រំកែប្រែឲ្យបានម៉ឺងម៉ាត់ ហ្មត់ចត់ ប្រកបដោយស្មារតីប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ ដោយមិនត្រូវឲ្យមាន ការលួចនាំចូលគ្រឿងញៀនផ្តល់ឲ្យពិរុទ្ធជន ឬទណ្ឌិត និង/ឬមានទំនាក់ទំនងពីក្នុងពន្ធនាគារចេញមកខាងក្រៅ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងត្រូវពិចារណាលើវិធានការ ក្នុងការគ្រប់គ្រងជនល្មើស ដែលពាក់ព័ន្ធនឹងគ្រឿងញៀន ឬសេពគ្រឿងញៀន ដាច់ដោយឡែកពីទណ្ឌិតឬពិរុទ្ធជនដទៃទៀត៕