ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិចិន៤នាក់ដែលប្រើកាំភ្លើងAK បាញ់បោះនៅមជ្ឈមណ្ឌលរតនៈសម្បត្តិ ទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ត្រូវកម្លាំងនគរបាលតាមចាប់ខ្លួនបាននៅក្រុងប៉ោយប៉ែតជាមួយរថយន្ដធ្វើសកម្មភាព

36

ភ្នំពេញ៖ខ្មាន់កាំភ្លើងជនជាតិចិន ដែលបាញ់បោះនៅមជ្ឈមណ្ឌលរតនៈសម្បត្តិ ទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ត្រូវបានកម្លាំងនគរបាល សហការគ្នាស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនចំនួន៣នាក់ (ខ្មាន់កាំភ្លើងអ្នកបាញ់ផ្ទាល់) នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងឃាត់បាននៅរាជធានីភ្នំពេញម្នាក់ សរុបចំនួន៤នាក់ដែលត្រូវបានចាប់ខ្លួន។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៤ ខែកុម្ភៈនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងថា រហូតមកទល់ពេលនេះ ខ្មាន់កាំភ្លើង និងបក្ខពួក ចំនួន៤នាក់ (ខ្មែរម្នាក់ជាអ្នកបើកឡាន) ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្នុងនោះចាប់ខ្លួននៅចំណុចភូមិកូនដំរី សង្កាត់និម្មិត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន៣នាក់ ដកហូតរថយន្ដមួយគ្រឿង ដោយសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងនៅរាជធានីភ្នំពេញ ចាប់ខ្លួនបានម្នាក់។
បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ, ប្រតិបត្តិការយ៉ាងដុតដៃដុតជើងបន្ទាប់ពីវេលាកើតហេតុ គឺអនុវត្តតាមបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
ជាមួយគ្នានេះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ ក៏បានដកហូតឡានមែសឺដែសពណ៌ខ្មៅមួយគ្រឿងរបស់ជនល្មើសផងដែរ នៅបុរីហាយលែន ភូមិថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
សូមជម្រាបថា ខ្មាន់កាំភ្លើងជនជាតិចិនមួយក្រុម ប្រដាប់ដោយអាវុធវែង AK បានធ្វើសកម្មភាពបាញ់ចំនួន៣គ្រាប់ នៅអគារមជ្ឈមណ្ឌលរតនៈសម្បត្តិ ដែលមានទីតាំងទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។
សេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅពេលព្រឹកជនជាតិចិន២ក្រុមនោះ បានចូលទៅផឹកស៊ីច្រៀងខារ៉ាអូខេនៅក្នុងទីតាំងខាងលើ ហើយក៏មានទំនាស់គ្នាចំនួន៣លើក។ ក្នុងនោះទំនាស់លើកទី១ និងលើកទី២ បានដេញវាយកាប់ចាក់គ្នាម្ដងហើយម្ដងទៀត ប៉ុន្តែមិនបានបណ្ដាលឲ្យមានអ្នករងរបួសនោះទេ ហើយក៏ស្ងប់ស្ងាត់ទៅវិញ តែពួកគេមិនបានឈប់ផឹកស៊ីនោះទេ គឺនៅបន្តផឹកស៊ីបន្តទៀត។
រហូតដល់វេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃដដែល បានកើតមានរឿងទំនាស់គ្នាជាលើកទី៣បន្តទៀត ស្រាប់តែពេលនេះលែងប្រើកាំបិតដេញកាប់ចាក់គ្នាដូចមុនទៀតហើយ គេបានឃើញភាគីម្ខាងមានគ្នា៣នាក់រត់សំដៅទៅបើកទ្វាររថយន្តទាញយកអាវុធវែង២ដើម និងអាវុធខ្លី១ដើម រត់ទៅបាញ់សម្លាប់គូទំនាស់ ប៉ុន្តែទំនងគូទំនាស់ដឹងខ្លួនមុន បាននាំគ្នារត់គេចចេញបាត់អស់។ ពេលនោះជនសង្ស័យទាំង៣នាក់ទៅរកអត់ឃើញ ក៏បានបាញ់ឡើងលើ១គ្រាប់ជាការបញ្ចេញកំហឹង រួចទើបរើសសំបកកាទូស្សដាក់ក្នុងរថយន្ត និងជិះគេចខ្លួនបាត់អស់តែម្ដង។ ក្នុងហេតុការណ៍បាញ់ដោយខ្មាន់កាំភ្លើងជនជាតិចិននេះ មិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ។
ទាក់ទិនករណីនេះ លោក វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា បានបង្ហោះសារថ្កោលទោសចំពោះហេតុការណ៍បាញ់ប្រហារដែលបង្កដោយជនជាតិចិន នៅក្បែរអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
ឯកអគ្គរដ្ឋទូតដែលមានរហ័សនាម អ្នកចម្បាំងចចករូបនេះ ក្រៅពីការថ្កោលទោសចំពោះជនបង្កដែលជាជនជាតិរបស់ខ្លួនហើយនោះ ក៏បានបង្ហាញនូវគាំទ្រដល់សមត្ថកិច្ចកម្ពុជា ក្នុងការផ្ដន្ទាទោសឲ្យបានធ្ងន់ធ្ងរចំពោះក្រុមជនល្មើសផងដែរ៕

អត្ថបទដែលជាប់ទាក់ទង