ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រយៈពេល១៥ថ្ងៃក្នុងខែកុម្ភៈ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងករណីក្មេងទំនើងចំនួន ៣៨ ករណី មានជនសង្ស័យចំនួន ២១៥ នាក់

44


ភ្នំពេញ៖អ្នកនាំពាក្យក្រសួងយុត្តិធម៌ប្រកាសជូនសាធារណជនទាំងអស់ជ្រាបថា ក្នុងរយៈពេល ១៥ថ្ងៃ គិតពីថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងករណីក្មេងទំនើងចំនួន ៣៨ ករណី មានជនសង្ស័យចំនួន ២១៥ នាក់ តុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ១៣៩ នាក់ ដែលពាក់ព័ន្ធនឹងបទ “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស, ធ្វើឱ្យខូចខាតដោយចេតនា និងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត”។
ឯកឧត្ដមជិន ម៉ាលីន រដ្ឋលេខាធិកាតប្រចាំការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើង ប្រកបដោយស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។
ឯកឧត្ដមជិន ម៉ាលីន បានបន្ថែមថា៖ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្ដនសូមអំពាវនាវដល់ឪពុកម្តាយ ព្រមទាំងអាណាព្យាបាលទាំងអស់ ត្រូវខិតខំតាមដាន អប់រំ និងទូន្មានប្រៀនប្រដៅដល់កូនៗឱ្យដើរតាមគន្លងត្រឹមត្រូវវៀរចាកនូវអំពើអបាយមុខ ដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ និងសូមអំពាវនាវដល់យុវជនទាំងអស់ ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ សូមប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងសេចក្តីថ្លៃថ្នូរ ហើយសូមជៀសវាងពីសកម្មភាពទាំងឡាយណាដែលបង្កអន្តរាយដល់ខ្លួន គ្រួសារ និងសង្គមជាតិ៕

អត្ថបទដែលជាប់ទាក់ទង