ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុងវត្តឧណ្ណលោមមានប្រាសាទបុរាណមួយនាសម័យអង្គរលាក់ខ្លួនអាចជាបូជនីយដ្ឋានចាស់ជាងគេនៅរាជធានីភ្នំពេញ

46


ភ្នំពេញ៖តើអ្នកដឹងទេថា វត្តឧណ្ណាលោម ដែលជាទីអារាមដ៏ចំណាស់ជាងគេមួយនៅរាជធានីភ្នំពេញនេះ ក៏មានបន្សល់នូវប្រាសាទបុរាណមួយនាសម័យអង្គរ ខណៈអ្នកស្រាវជ្រាវបារាំង និងប្រវត្តិវិទូខ្មែរក៏បានចាត់ទុកប្រាសាទបុរាណមួយនេះ ជាទីបូជនីយដ្ឋានចំណាស់ជាងគេមួយ នៅរាជធានីភ្នំពេញ។
តាំងនៅត្រើយខាងលិចនៃដើមទន្លេសាប វត្តឧណ្ណាលោម ជាទីអារាមដ៏ពិសិដ្ឋនៃពុទ្ធសាសនិកខ្មែរច្រើនជំនាន់មកហើយ។ បើតាមឯកសារប្រវត្តិសាស្ត្រខ្មែរ វត្តឧណ្ណាលោម និងវត្តអារាមចំនួន៦ទៀត (វត្តភ្នំ វត្តបទុមវតី វត្តលង្កា វត្តកោះ វត្តព្រះពុទ្ធឃោសាចារ្យ និងវត្តពាមផ្លុង) ត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទពញាយ៉ាត (១៤២១-១៤៦៣) ពោលគឺតាំងពីសម័យដែលភ្នំពេញ «ចតុម្មុខមង្គល» បានក្លាយជាទីរាជធានីលើកទី១។ អ្នកប្រវត្តិសាស្ត្រចាត់ទុកសម័យ ដែលប្រទេសកម្ពុជា មានរាជធានីនៅក្រុងចតុមុខនេះថា សម័យចតុមុខ (១៤៣២-១៥១២)។
ពាក់ព័ន្ធនឹងវត្តឧណ្ណាលោម ដែលមានប្រាសាទបុរាណសម័យអង្គរតាំងនៅនោះ បើយោងតាមឯកសាររបស់លោក អូលីវី ដឺ ប៊ែរណុង (Olivier de Bernon) ដែលទទួលបាននាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះបានឱ្យដឹងថា ទីតាំងប្រាង្គប្រវត្តិសាស្ត្រនេះ ត្រូវបានសាងសង់ឡើងនៅក្នុងបរិវេណបច្ចុប្បន្ននៃវត្តឧណ្ណាលោម ស្របគ្នាជាមួយខ្សែបន្ទាត់នៃព្រះវិហារធំបច្ចុប្បន្ន។
លោក អូលីវី ដឺ ប៊ែរណុង បានសរសេរទៀតថា បើផ្អែកតាមរចនាសម្ពន្ធសំណង់និងថ្មភក់ ប្រាង្គបុរាណនៅក្នុងវត្តឧណ្ណាលោមនេះ ត្រូវបានសាងសង់ឡើងហោចណាស់តាំងពីចុងសតវត្សទី១២ ឬដើមសតវត្សទី១៣មកម៉្លេះ ដោយមិនគិតពីការរស់នៅរបស់ប្រជាជននៅមុនសម័យនោះទៅទៀត។ ពិតណាស់ អំឡុងពេលចុងសតវត្សទី១២ ឬដើមសតវត្សទី១៣នោះ គឺស្ថិតក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ (១១៨១-១២១៨ ឬ១២២០?) ដែលវិស័យពុទ្ធសាសនាមានការរីកចម្រើនខ្លាំងនៅទូទាំងកម្វុជទេស (ក ម្វុ= កម្ពុ ) ។
បើតាមព្រះថេរដីការបស់ព្រះកិត្តិវិសាសវង្ស ញ៉េប តាត ព្រះលេខាធិការវត្តឧណ្ណាលោម ប្រាសាទបុរាណនេះមានឈ្មោះហៅថា «ប្រាសាទពោធិលោម»។
ព្រះកិត្តិវិសាសវង្សមានថេរដីកាបន្តថា មានឯកសារខ្លះថា ប្រាសាទបុរាណមួយនេះ ត្រូវបានកសាងឡើងតាំងពីមុនសម័យអង្គរទៅទៀត ខណៈឯកសារខ្លះថា សាងសង់ក្នុងសម័យអង្គរ។ លុះមកដល់ដើមសម័យចតុមុខ ព្រះបាទពញាយ៉ាត បានត្រាស់ព្រះរាជឱង្ការ ឱ្យរាជមន្ត្រីជ្រើសរើសទីជ័យភូមិ សម្រាប់កសាងវត្តអារាមទាំង ៧នៅជុំវិញរាជធានីចតុមុខមង្គលរបស់ព្រះអង្គ។ ដោយដឹងថា នៅទីទួលមួយមានប្រាសាទបុរាណស្រាប់ សមជាទីជ័យភូមិសម្រាប់បូជនីយដ្ឋានសាសនា បណ្ដារាជមន្ត្រីទាំងនោះ ក៏បានជ្រើសរើសទីបរិវេណមានប្រាសាទបុរាណនេះ ចាត់ចែងសាងសង់វត្តអារាមតែម្ដង ដោយនៅគ្រាដំបូងនោះវត្តនេះមានឈ្មោះថា «វត្តពោធិលោម» ដោយយកឈ្មោះតាម «ប្រាសាទពោធិលោម» ដែលជាប្រាសាទចំណាស់ជាងគេនេះឯង។
លោក អូលីវី ដឺ ប៊ែរណុង បានបន្ថែមថា ក្រៅពីប្រាសាទបុរាណនាសម័យអង្គរនេះ គេក៏បានរកឃើញលិង្គចំនួន៤នៅវត្តបទុមវតី និងបដិមាព្រះគណេសនៅវត្តសារវ័ន្តបច្ចុប្បន្នផងដែរ ដែលអាចមានទំនាក់ទំនងជាមួយគ្នានាសម័យ ដែលប្រាសាទបុរាណនៅវត្តឧណ្ណាលោមត្រូវបាសាងសង់នោះ។
សូមបញ្ជាក់ថា រហូតដល់សម័យអាណានិគមនិយមបារាំង ព្រះបាទនរោត្តមបានប្ដូររាជធានីពីក្រុងឧដុង្គមានជ័យ មកក្រុងភ្នំពេញវិញ នៅឆ្នាំ១៨៦៥។ ចាប់តាំងពីពេលនោះមក ភ្នំពេញបានបន្តនៅជារាជធានី របស់ប្រទេសកម្ពុជារហូតមកដល់បច្ចុប្បន្ន ពោលគឺចាប់ពីរជ្ជកាលព្រះបាទនរោត្តម (១៨៦០-១៩០៤) ព្រះបាទស៉ីសុវត្ថិ (១៩០៤-១៩២៧) ព្រះបាទស៉ីសុវត្ថិ មុនីវង្ស (១៩២៧-១៩៤១) ព្រះបាទនរោត្តមសីហនុ (រជ្ជកាលទីមួយ ១៩៤១-១៩៥៥) ព្រះបាទនរោត្តមសុរាម្រិត (១៩៥៥-១៩៦០) ព្រះមហាក្សត្រីស៉ីសុវត្ថិកុសុមៈនារីរ័ត្នសិរីវឌ្ឍនា (១៩៦០-១៩៧០) ព្រះបាទនរោត្តមសីហនុ (រជ្ជកាលទីពីរ ១៩៩៣-២០០៤) ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី (២០០៤ រហូតដល់បច្ចុប្បន្ន)។ ប្រសិនបើបូកទាំង២សម័យកាល រាជធានីភ្នំពេញគឺមានអាយុកាលប្រមាណ២៤០ឆ្នាំ ពោលគឺលើកទី១ចាប់ពីឆ្នាំ១៤៣២-១៥១២ (៨០ឆ្នាំ) និងលើកទី២ចាប់ពីឆ្នាំ១៨៦៥-២០២៥ (១៦០ឆ្នាំ)៕

អត្ថបទដែលជាប់ទាក់ទង