ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក Zelenskiy៖ លោក ត្រាំ ស្ថិតនៅក្នុងស្ថានភាពមួយដែលទទួលបានតែព័ត៌មានមិនពិតអំពីអ៊ុយក្រែន

46

ក្រុងកៀវ៖ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅថ្ងៃពុធនេះ បានរិះគន់ ចំពោះការលើកឡើងរបស់លោក ដូណាល់ ត្រាំ ដែលថា អ៊ុយក្រែនទទួលខុសត្រូវចំពោះការឈ្លានពានពេញលេញរបស់រុស្ស៊ី ក្នុងឆ្នាំ ២០២២ ដោយវាយបកវិញថា ប្រធានាធិបតីអាមេរិករូបនេះ កំពុងតែនៅក្នុងស្ថានភាពមួយ ដែលទទួលបានតែព័ត៌មានមិនពិតអំពីអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៥។
ការលើកឡើងនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងកៀវ បន្ទាប់ពីកិច្ចប្រជុំរវាងមន្ត្រីអាមេរិកនិងរុស្ស៊ី នៅប្រទេសអារ៉ាប៊ីសាអូឌីត ដែលផ្តោតលើការស្វែងរក ដំណោះស្រាយចំពោះជម្លោះអ៊ុយក្រែន។
លោក Zelenskiy បាននិយាយថា ការប៉ុនប៉ងណាមួយដើម្បីជំនួសលោកក្នុងអំឡុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ីនឹងមិនទទួលបានជោគជ័យនោះទេ។ ទន្ទឹមគ្នានេះ លោកបានបដិសេធការអះអាងរបស់លោក ត្រាំ ដែលថាអត្រាគាំទ្រចំពោះរូបលោកមានត្រឹមតែ ៤% ប៉ុណ្ណោះ ដោយចាត់ទុកថានេះជាព័ត៌មានមិនពិតរបស់រុស្ស៊ី។
មេដឹកនាំអ៊ុយក្រែនរូបនេះក៏បានរិះគន់ចំៗ ចំពោះការទាមទាររបស់សហរដ្ឋអាមេរិកនូវទឹកប្រាក់ ៥០០ ពាន់លានដុល្លារក្នុងវិស័យរ៉ែ ដោយហៅការទាមទារនេះថាមិនមែនជា «ការសន្ទនាច្បាស់លាស់ទេ»។
គួរបញ្ជាក់ថា កិច្ចចរចារវាងអាមេរិកនិងរុស្ស៊ី ធ្វើឡើងដោយគ្មានការចូលរួមពីអ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុប ដែលធ្លាប់បានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការចូលរួមរបស់ពួកគេដើម្បីធានាឱ្យមានបទឈប់បាញ់មួយ។ កន្លងមកលោក Zelenskiy ក៏ធ្លាប់បានស្នើផ្តល់សិទ្ធិពិសេសដល់ក្រុមហ៊ុនអាមេរិក ក្នុងការទាញយកធនធានរ៉ែជាថ្នូរនឹងការធានាសន្តិសុខ ពីសហរដ្ឋអាមេរិក ប៉ុន្តែមិនទទួលបានការឆ្លើយតបជាវិជ្ជមាននោះទេ៕

អត្ថបទដែលជាប់ទាក់ទង