ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សុខុមាលភាព និងជីវិតរបស់ប្រជាពលរដ្ឋ នៅតែជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល

42

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា សុខុមាលភាព និងជីវិតរបស់ប្រជាពលរដ្ឋ នៅតែជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល។ ត្រង់ចំណុចនេះសម្ដេចក៏បង្ហើបឱ្យដឹងថា សម្ដេចបានបដិសេធសំណើរសាងសង់ផ្លូវមួយខ្សែ តម្លៃ៥០លានដុល្លារ ដោយផ្ដល់អាទិភាពលើការអភិវឌ្ឍមន្ទីរពេទ្យវះកាត់ ដើម្បីសង្គ្រោះជីវិតពលរដ្ឋមុន និងសំណើរអភិវឌ្ឍវិស័យទឹកស្អាត ដើម្បីកុំឱ្យពលរដ្ឋកើតជំងឺព្រោះការប្រើប្រាស់ទឹកមិនស្អាត។
ការបញ្ជាក់បែបនេះរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីក្នុងពិធី «បើកសប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវក្របខណ្ឌគោល-នយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បេឡាជាតិសន្តិសុខសង្គម ត្រូវពង្រឹងកិច្ចសហការ ជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការផ្សព្វផ្សាយពីគុណតម្ល នៃបណ្ណ ប.ស.ស. និងត្រូវធានាប្រសិទ្ធភាព, ស័ក្ដិសិទ្ធភាព, តម្លាភាព, គណនេយ្យភាព និងសុក្រឹតភាព នៃកិច្ចប្រតិបត្តិការការងារ ដើម្បីរួមគ្នាជំរុញ ការផ្តល់សេវាសុខាភិបាលជូនសមាជិក ប.ស.ស. ឱ្យបានទាន់ពេល និងប្រកបដោយគុណភាព។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «សុខភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ នៅតែជាអាទិភាពចម្បងរបស់រដ្ឋាភិបាល […] យើងបានធ្វើច្រើនហើយ ការប្រកាសបើកកម្មវិធីសប្តាហ៍គាំពារសង្គម មិនបាននិយាយថា ខ្ញុំនឹងចាប់ផ្តើមនោះទេ តែប្រជាជន៧.៥លាននាក់ បានទទួលផលរួចហើយ ចាប់តាំងពីឆ្នាំ២០១៧មក ហើយយើងនៅបន្តធ្វើតទៅទៀត»។
បន្ថែពីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ចំពោះកិច្ចការងារពាំពាសង្គម លើផ្នែកសុខមាលភាពរបស់ប្រជាជនកម្ពុជា គឺរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជជនកម្ពុជា នៅតែបន្តធ្វើឱ្យកាន់តែសកម្ម និងមានវិសាលភាពកាន់ធំបន្ថែមទៀត បើទោះបីជាមានបុគ្គលមួយចំនួនតូចរង់ចាំអង្គុយរិះគន់ តែមិនបានចូលរួមជួយអ្វីបន្តិចសោះចំពោះប្រជាជន និងមាតុភូមិកម្ពុជា។
សម្តេចបវរធិបតី ប្រមុខនាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា នៅបន្តសកម្មភាពក្នុងទិសដៅបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសសេវាសាធារណៈនានាជូនប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាល មិនមានពេលវេលាណាមួយដើម្បីភូតភរប្រជាពលរដ្ឋនោះទេ និងមិនមានពេលវេលានិយាយដោយការស្រមើលស្រម៉ៃនោះទេ តែរាជរដ្ឋាភិបាល បានធ្វើគ្រប់យ៉ាងដោយបង្ហាញនូវការពិត ព្រមទាំងលទ្ធផលជាក់ស្តែងជូនប្រជាពលរដ្ឋ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចការងារបម្រើប្រជាពលរដ្ឋ គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល ពីព្រោះប្រជាពលរដ្ឋជាច្រើនលើសលប់ បានផ្តល់នូវជំនឿទុកចិត្តមកគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសដឹកនាំរាជរដ្ឋាភិបាល ដូច្នេះវាគ្មានអ្វីដែលមន្ត្រីគណបក្សប្រជាជនកម្ពុជា រុញរាបម្រើនូវសេចក្តីត្រូវជាចាំបាច់របស់ប្រជាពលរដ្ឋនោះទេ។
ជាមួយគ្នានេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដរាបណាគណបក្សប្រជាជនកម្ពុជា នៅដឹកនាំរាជរដ្ឋាភិបាលច្បាស់ណាស់ គោលនយោបាយជាតិគាំពារសង្គម នៅតែបន្តអនុវត្តន៍ ដើម្បីជួយដល់ប្រជាពលរដ្ឋ នៅគ្រប់កាលៈទេសៈ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសបញ្ជាក់ពលរដ្ឋកម្ពុជាទាំងអស់សារជាថ្មីថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេច ប្តេជ្ញាបន្តកំណត់យកការលើកស្ទួយសុខុមាលភាព និងជីវភាពរបស់ពលរដ្ឋ, ការអភិវឌ្ឍមូលធនមនុស្ស និងការកាត់បន្ថយ ភាពក្រីក្រ ជាការងារអាទិភាពចំពោះមុខ ក្នុងស្មារតី មិនបោះបង់ពលរដ្ឋណាម្នាក់ ដោយសម្តេចនៅតែបន្តប្តូរផ្តាច់ដឹកនាំ នាវាគាំពារសង្គមកម្ពុជា ធ្វើដំណើរទៅមុខយ៉ាង ស្វាហាប់ ប្រកបដោយនិរន្តរភាព ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ដើម្បីសម្រេចបាននូវគោលដៅនេះ រាជរដ្ឋាភិបាល បានរៀបចំ និងដាក់ចេញនូវ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ ដែលមានចក្ខុវិស័យ រយៈពេលវែង ក្នុងការផ្ដល់ការគាំពារដល់ពលរដ្ឋគ្រប់រូប ទល់នឹងអសន្តិសុខ ប្រាក់ចំណូល ក្នុងពេលប្រឈមនឹងហានិភ័យនានា ក្នុងដំណាក់កាលនីមួយៗនៃវដ្ដជីវិត សំដៅលើកកម្ពស់សុខភាព និងសុខុមាលភាព, កាត់បន្ថយភាពក្រីក្រ, វិសមភាពយេនឌ័រ និងវិសមភាពសង្គម ព្រមទាំងពង្រឹងសាមគ្គីភាព ស្ថិរភាព និងសមធម៌ក្នុងសង្គម៕

អត្ថបទដែលជាប់ទាក់ទង