ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅថ្ងៃទី៨មីនាបើកព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ រវាងក្រុមបាល់ទាត់តារាកម្ពុជា នឹងប្រកួតជាមួយក្រុមបាល់ទាត់តារាថៃ

46

ភ្នំពេញ៖ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃនឹងមានអ្នកអញ្ជើញទៅទស្សនាដោយផ្ទាល់ប្រមាណ៣ម៉ឺននាក់ នាថ្ងៃទី០៨ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
នេះបើតាមការបង្ហាញឱ្យដឹង ក្នុងកិច្ចប្រជុំត្រួតពិនិត្យការរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នារសៀលថ្ងៃទី២០កុម្ភៈ ឆ្នាំ២០២៥នេះនៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដន សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញតំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ឯកឧត្ដម សុខ ពេញវុធ បានលើកឡើងថា៖ ការកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃនេះ យើងបានធ្វើឡើងចំនួន៣លើកមកហើយ ដើម្បីឱ្យស្ថាប័នពាក់ព័ន្ធត្រៀមលក្ខណៈបានគ្រប់ជ្រុងជ្រោយទាំងការរក្សាសន្តិសុខ សុវត្ថិភាព ទាំងការរៀបចំទីតាំងសំរាប់អ្នកចូលរួមទស្សនាជាដើម។
ឯកឧត្ដម សុខ ពេញវុធ បានបន្តថា៖ ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃនេះ នឹងមានអ្នកអញ្ជើញទៅទស្សនាដោយផ្ទាល់ប្រមាណ៣ម៉ឺននាក់ ដោយមានទាំងអ្នកដែលចាត់តាំងឱ្យទៅចូលរួមទស្សនានិងដែលអ្នកចូលទៅទស្សនាដោយសេរី ក្រោមការសម្របសម្រួលពីក្រុមការងាររៀបចំព្រឹត្តិការណ៍នេះ។ ការប្រកួត កីឡាបាល់ទាត់កម្ពុជា-ថៃនេះ ជាការប្រកួតមិត្តភាព ដែលមាន កីឡាករនិងតារាល្បីៗរបស់ថៃ និងកីឡាករនិងតារាល្បីៗរបស់កម្ពុជាមកចូលរួមជាកីឡាករជាច្រើននាក់។ ក្នុងគោលបំណងរិតចំណងសាមគ្គីភាព មិត្តភាព កាន់តែល្អប្រសើរបន្ថែមទៀត ។
ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជានិងឯកឧត្ដមរដ្ឋមន្រ្តីក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃនឹងអញ្ជើញចូលរួមជាសហអធិបតី ជាមួយនឹងការផ្សាយផ្ទាល់ពីទូរទស្សន៍បាយ័ន និងទូរទស្សន៍របស់ថៃ កាច់បន្តផ្សាយផ្ទាល់ពីទូរទស្សន៍បាយ័នផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋថៃបានទស្សនាព្រមៗគ្នា ជាមួយប្រជាពលរដ្ឋកម្ពុជាដែរ។
គួរបញ្ជាក់ថា៖ ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលរៀបចំឡើងដោយសហព័ន្ធប្រដាល់គុនខ្មែរ មាន២ប្រកួតនោះគឺ- ក្រុមបាល់ទាត់តារាកម្ពុជា នឹងប្រកួតជាមួយក្រុមបាល់ទាត់តារាថៃ។
-ក្រុមបាល់ទាត់គុនខ្មែរ ប្រកួតជាមួយក្រុមបាល់ទាត់ MUAYTHAI៕

អត្ថបទដែលជាប់ទាក់ទង