ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាមេរិកសម្រេចបន្តផ្ដល់ជំនួយគាំទ្រគម្រោងបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជាឡើងវិញ តាមកិច្ចសន្យាដែលមានស្រាប់

35

ភ្នំពេញ៖ឯកឧត្ដម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC បានថ្លែងបញ្ជាក់ថា អង្គការទទួលជំនួយពីសហរដ្ឋអាមេរិក ដែលជាដៃគូសហការ ជាមួយអង្គភាពស៊ីម៉ាក់ កម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជាឡើងវិញតាមកិច្ចសន្យា ក្រោយពីរដ្ឋាភិបាលអារិកបើកឱ្យបន្តតាមកិច្ចសន្យា។
ថ្លែងនាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្ដមហេង រតនា បានបញ្ជាក់ដូចនេះថា «អង្គភាពស៊ីម៉ាក់ បានទទួលព័ត៌មានពីអង្គការទទួលជំនួយពីសហរដ្ឋអាមេរិក ដែលជាអង្គការដៃគូសហការជាមួយអង្គភាពស៊ីម៉ាក់ នោះ បានបញ្ជាក់ថា បានទទួលការ លើកលែង (waver)ពីរដ្ឋាភិបាលអាមេរិកឱ្យបើក និងបន្តកិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមឡើងវិញ តាមកិច្ចសន្យាដែលមានស្រាប់»។
ឯកឧត្ដម ហេង រតនា បានបន្ថែមថា «ការបន្តកិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមឡើងវិញ តាមកិច្ចសន្យាដែលមានស្រាប់នេះ មានន័យថានឹងបន្តកុងត្រាដែលមានស្រាប់ ដែលយើងនឹងត្រូវចាប់ផ្តើមធ្វើពីពេលនេះ រហូតដល់ដើមខែវិច្ឆិកា ផងដែរ»។
ឯកឧត្ដម ហេង រតនា បានបញ្ជាក់ទៀតថា ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកអង្គភាពស៊ីម៉ាក់ សូមគោរពថ្លែងអំណរគុណចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានជួយគាំទ្រ អំពាវនាវដល់រដ្ឋាភិបាល អាមេរិក។ ទន្ទឹមនឹងនេះក៏សូមអរគុណអង្គការដៃគូអភិវឌ្ឍន៍ មន្ត្រីស្ថានទូតអាមេរិកនៅកម្ពុជា និងមន្ត្រីគម្រោងនៃក្រសួងការបរទេសអាមេរិក ដែលបានខ្នះខ្នែងជួយជ្រំជ្រែងស្នើសុំទៅរដ្ឋាភិបាល ឱ្យលើកលែងចំពោះ គម្រោង សកម្មភាពមីន នៅប្រទេសកម្ពុជា ជាពិសេសអរគុណរដ្ឋាភិបាលអាមេរិក ដែលបានផ្តល់អាទិភាពក្នុងការផ្តល់ជំនួយឡើងវិញ សម្រាប់គាំទ្រដល់សកម្មភាពបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនេះ៕

អត្ថបទដែលជាប់ទាក់ទង