ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការដ្ឋានដាក់ប្រព័ន្ធលូប្រអប់ខ្នាតធំ ទំហំ២ម៉ែត្រកន្លះ នៅផ្លូវលេខ៨០ ក្នុងខណ្ឌមានជ័យ រំដោះទឹក ជន់លិចក្នុងរាជធានីភ្នំពេញសម្រេចលទ្ធផលបានជិត៤០ភាគរយ

39


ភ្នំពេញ៖ការដ្ឋានដាក់ប្រព័ន្ធលូប្រអប់ខ្នាតធំទំហំ ២.៥ម៉ែត្រx២.៥ម៉ែត្រ ចំនួន២ខ្សែ មានប្រវែង ជាង១០០០ម៉ែត្រនៅផ្លូវលេខ៨០ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ដើម្បីរំដោះទឹក បញ្ចៀសការជន់លិចក្នុងរាជធានីភ្នំពេញ គិតមកដល់ពេលនេះ ការដ្ឋានទាំងមូលសម្រេចលទ្ឋផលបានជិត៤០ភាគរយនៃគម្រោង ពោលគឺការដាក់លូបានប្រវែង ៤៣០ម៉ែត្រហើយ។
ពាក់ព័ន្ធការងារខាងលើនេះលោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ ការដាក់ប្រព័ន្ធលូប្រអប់ខ្នាតធំទំហំ ២.៥ម៉ែត្រx២.៥ម៉ែត្រចំនួន ២ខ្សែ ប្រវែង ១១០៥ម៉ែត្រនៅផ្លូវលេខ ៨០ ចាប់ពីផ្លូវប្រឡាយបារាំង ដល់មហាវិថីចោមចៅ (ហៅផ្លូវវេង ស្រេង) ត្រង់ទីតាំងស្តុបលូ ៥ នៅខណ្ឌមានជ័យ នៃគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី ២០ខែកុម្ភៈ ឆ្នាំ២០២៥ ការដ្ឋានសម្រេចលទ្ឋផលដាក់លូបានប្រវែង ៤៣០ម៉ែត្រ ត្រូវជា ៣៩% នៃគម្រោងហើយ។
លោកស្រីអ្នកនាំពាក្យបានបន្តថា៖ គម្រោងនេះ នឹងពង្វាងទឹកពីតំបន់ខាងត្បូង និងខាងកើតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឆ្ពោះទៅតំបន់ក្រៅក្រុង ដែលនឹងកាត់បន្ថយទឹកលិចដោយទឹកភ្លៀងនៅភូមិសាស្ត្រ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ។
លោកស្រីដោ សម្ផស្ស បាបបញ្ជាក់ផងដែរថា៖ គម្រោងនេះបានចាប់ផ្តើមអនុវត្តកាលពីខែមិថុនា២០២៤ ហើយគ្រោងនិងបញ្ចប់នៅខែមិថុនាឆ្នាំ២០២៥ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង