ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខការទូតចិន ថា «បង្អួចសន្តិភាព» កំពុងបើកចំហ សម្រាប់វិបត្តិអ៊ុយក្រែន

25

ក្រុងប៉េកាំង៖រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានប្រាប់សមភាគី G20 របស់លោកថា «បង្អូចសន ្តិភាពមួយ» កំពុងបើកចំហសម្រាប់វិបត្តិអ៊ុយក្រែន ប៉ុន្មានថ្ងៃបន្ទាប់ពីមន្ត្រីការទូតកំពូលអាមេរិក និងរុស្ស៉ី បានជួបពិភាក្សាគ្នានៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ថ្លែងទៅកាន់ក្រុមរដ្ឋមន្ត្រីការបរទេសនៅឯកិច្ចប្រជុំ G20 ក្នុងប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ លោកប្រមុខការទូតចិនបានគូសបញ្ជាក់ដូច្នេះថា «ចិនបានកត់សម្គាល់ឃើញថា ការអំពាវនាវឱ្យមានកិច្ចចរចាសន្តិភាពកំពុងកើនឡើងថ្មីៗនេះ ហើយបង្អួចសន្តិភាពមួយកំពុងបើកចំហ»។ លោក វ៉ាង ក៏បានបន្ថែមដែរថាចិនគាំទ្ររាល់កិច្ចប្រឹងប្រែងអំណោយផលទាំងអស់ដើម្បីសន្តិភាព (នៅអ៊ុយក្រែន) ក្នុងនោះរួមមានទាំងការឈានដល់ការព្រមព្រៀងគ្នាកាលពីពេលថ្មីៗនេះរវាងសហរដ្ឋអាមេរិក និងរុស្ស៉ី»។
គួរបញ្ជាក់ថា នៅឯកិច្ចប្រជុំក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារសប្ដាហ៍នេះ រុស្ស៉ី និងសហរដ្ឋអាមេរិក បានឯកភាពគ្នាលើការបង្កើតក្រុមការងារមួយ ដើម្បីចរចាស្វែងរកផ្លូវឆ្ពោះទៅរក ការបិទបញ្ចប់សង្រ្គាមដែលបានផ្ទុះឡើងនៅពេលរុស្ស៉ីបើកការឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២៕

អត្ថបទដែលជាប់ទាក់ទង