ការដង្ហែតុក្កតាយក្ស ប្រចាំឆ្នាំ២០២៥ ក្នុងក្រុងសៀមរាប ទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីសាធារណជន និង ភ្ញៀវទេសចរ
សៀមរាប៖ព្រឹត្តិការណ៍ដង្ហែតុក្កតាយក្ស ប្រចាំឆ្នាំ២០២៥ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ទទួលបានការគាំទ្រយ៉ាងច្រើនកុះករ ពីសាធារណជន និង ភ្ញៀវទេសចរ។
ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីលើកស្ទួយនូវិស័យសិល្បៈ វប្បធម៌ បរិស្ថាន និងសត្វឆ្នាំទាំង១២ ជាពិសេសលើកកម្ពស់ការយល់ដឹងអំពីការអភិវឌ្ឍ និងវិស័យអប់រំដល់សាធារណជនឲ្យកាន់តែទូលំទូលាយ។
លោក អ៊ុន សាវ៉ាន់ អ្នកចាត់ចែងទូទៅរបស់គម្រោងតុក្កតាយក្ស បានឲ្យដឹងថា សម្រាប់ឆ្នាំ២០២៥នេះ មានតុក្កតាយក្សចំនួន៩ធំៗ ដែលជាតួអង្គនៅក្នុងរឿងទេវកថា និងរាមកេរ្តិ៍។ ក្នុងនោះដែរ មាន៖ ១- ទេពមច្ឆា, ២- គ្រុឌ, ៣- ហនុមាន (រចនាបទ បន្ទាយស្រី), ៤- នាគ (រចនាបទ បាយ័ន), ៥- តោ (រចនាបទ សំបូរព្រៃគុ), ៦- ព្រះគណេស, ៧- នាងកន្នរី, ៨- មករ និង៩- អាសុរ (រចនាបទ បាយ័ន) ដែលកំពុងតំឡើងដោយក្រុមកុមារប្រមាណ ៦៥០នាក់ ដែលមកពីសាលារដ្ឋ ឯកជន និងអង្គការក្រៅរដ្ឋាភិបាលចំនួន១៩ចូលរួមផងដែរ។
លោកបន្តថា ព្រឹត្តិការណ៍ដ៏ទាក់ទាញនេះ ធ្វើឡើងក្នុងន័យលើកស្ទួយសិល្បៈបែបសូន្យរូប ឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ បានឃើញនឹងស្គាល់ពីរូបសំណាក់បុគ្គលល្បីៗ ឬរូបសត្វកម្រៗជាច្រើន ដើម្បីចូលរួមថែរក្សាការពារ និងអភិរក្សសត្វកម្រៗជិតផុតពូជ ដែលកំពុងតែទទួលរងគ្រោះទាំងនោះ ព្រមទាំងបង្ហាញអំពីការរួបរួមសាមគ្គីគ្នារវាងកុមារៗជាច្រើននាក់ មកពីសាលារៀន ឬអង្គការដៃគូរមួយចំនួន ក្រោមការដឹកនាំរបស់ក្រុមសិល្បៈករ។
លោកបានបន្តថា ព្រឹត្តិការណ៍មួយឆ្នាំមានម្ដងនេះ នឹងជួយលើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋ និងបង្កើនការទាក់ទាញដល់ភ្ញៀវទេសចរ ហើយក៏សូមអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ រួមនឹងសាធារណជនទូទៅ សូមចូលរួមជួយគាំទ្រ ដើម្បីលើកទឹកចិត្ដដល់ប្អូនៗកុមារ ដែលបានចូលរួមក្នុងការងារនេះ។
លោក អ៊ុន សាវ៉ាន់ បន្ថែមថា សម្រាប់ឆ្នាំ២០២៥នេះ គឺជាឆ្នាំទី១៥ហើយ ដែលគម្រោងដំឡើង និងដង្ហែរតុកុតាយក្សជាប្រចាំឆ្នាំ ដោយមានការចូលរួមនិងគាំទ្រ ពីសំណាក់វិស័យ ឯកជន និងប្រជាពលរដ្ឋ ទើបព្រឹត្តិការណ៍ដង្ហែតុក្កតាយក្សប្រចាំឆ្នាំនេះកើតមានឡើង។
លោកបញ្ជាក់ថា ព្រឹត្តិការណ៍ដង្ហែតុក្កតាយក្ស ប្រចាំឆ្នាំ២០២៥នេះ មានអ្នកចូលរួមប្រមាណជាង១ពាន់នាក់ ក្នុងមាន៖ ក្រុមសម្លេងនៃអង្គរ (បុរសលេងព័ទ), ឆៃយ៉ាំ, ក្រុមស្គរដៃ(តន្ត្រីស្គរដៃ), ហ្វារ ល្ខោនសៀកកម្ពុជា, ក្រុមតន្ត្រីសាលាបឋមសិក្សាវត្តរាជបូណ៌, ក្រុមតន្ត្រីកាយរឹទ្ធខេត្តសៀមរាប, ក្រុមមេធា (ស្ត្រីស្គរដៃ) និងក្រុមតន្ត្រីសម័យចូលរួមផងដែរ៕