ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្ស៊ី-មីយ៉ាន់ម៉ា ចុះ MOU សាងសង់កំពង់ផែ និងរោងចក្រចម្រាញ់ប្រេង

17

ក្រុងម៉ូស្គូ៖ក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី បានប្រកាសនៅថ្ងៃអាទិត្យនេះថា មីយ៉ាន់ម៉ា និងរុស្ស៊ី បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយក្នុងទីក្រុង Dawei ដែលរួមមាន ការសាងសង់កំពង់ផែ និងរោងចក្រចម្រាញ់ប្រេង។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ឯកសារនេះ ត្រូវបានចុះហត្ថលេខា ដោយរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី លោក Maxim Reshetnikov និងរដ្ឋមន្ត្រីក្រសួងវិនិយោគ និងទំនាក់ទំនងសេដ្ឋកិច្ចបរទេសរបស់មីយ៉ាន់ម៉ា លោក Kan Zaw ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់គណៈប្រតិភូរុស្ស៊ី ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។
ក្រសួងរុស្ស៊ី បានដកស្រង់សម្តីលោក Reshetnikov ថា «ខ្លឹមសារនៃអនុស្សរណៈ បានកំណត់នូវលក្ខណៈសំខាន់ៗ នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងថាមពលធំៗជាច្រើន ដែលកំពុងត្រូវបានអនុវត្តរួមគ្នា ជាមួយក្រុមហ៊ុនរុស្ស៊ី នៅក្នុងប្រទេសមីយ៉ាន់ម៉ា»។ លោកបានបញ្ជាក់ថា «យើងកំពុងនិយាយអំពីគម្រោងសាងសង់កំពង់ផែ រោងចក្រថាមពលកំដៅដោយធ្យូងថ្ម និងរោងចក្រចម្រាញ់ប្រេង»។
ទោះជាយ៉ាងណា លោកបានបន្ថែមថា ទាក់ទងនឹងរោងចក្រចម្រាញ់ប្រេង នៅមានភាពស្មុគស្មាញ ហើយមិនទាន់មានការសម្រេចចិត្តចុងក្រោយ លើការសាងសង់នៅឡើយទេ។
គួរបញ្ជាក់ថា រុស្ស៊ីបានក្លាយជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់របបយោធាមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារយោធា ដែលបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោត របស់លោកស្រី Aung San Suu Kyi កាលពីខែកុម្ភៈ ឆ្នាំ ២០២១។ ទីក្រុងម៉ូស្គូ និងទីក្រុងណៃពិដោ បាននិងកំពុងពិភាក្សាគ្នា អំពីកិច្ចសហប្រតិបត្តិការថាមពលកាន់តែស៊ីជម្រៅ រួមទាំងការចូលរួមរបស់រុស្ស៊ី ក្នុងការសាងសង់បំពង់បង្ហូរឧស្ម័ន ទៅកាន់ទីក្រុងដ៏សំខាន់របស់មីយ៉ាន់ម៉ា យ៉ាំងហ្គោន។ រុស្ស៊ី ក៏ មាន គម្រោង បង្កើត រ៉េអាក់ទ័រ ស្រាវជ្រាវ នុយក្លេអ៊ែរ ក្នុង ប្រទេស នេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង