ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាមេរិកទទូចឱ្យប្រទេសនានា កុំបោះឆ្នោតគាំទ្រសេចក្តីសម្រេច UN ស្តីពីសង្រ្គាមអ៊ុយក្រែន ដែលស្នើឡើងដោយអឺរ៉ុប និងទីក្រុងកៀវ

16


យូអិន៖សហរដ្ឋអាមេរិក កំពុងព្យាយាមទទូចឱ្យប្រទេសនានា ជាសមាជិកមហាសន្និបាតអង្គការសហប្រជាជាតិ (UN) ផ្តល់ការគាំទ្រដល់សេចក្តីសម្រេចដែលខ្លួនស្នើឡើង សម្រាប់ឱកាសខួប៣ឆ្នាំ នៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន នាថ្ងៃចន្ទនេះ ហើយជំទាស់រាល់ការចង់កែសម្រួលណាមួយ ព្រមទាំងបោះឆ្នោតប្រឆាំង សេចក្តីសម្រេចដាច់ដោយឡែកមួយទៀត ដែលព្រាងឡើងដោយអ៊ុយក្រែន និងក្រុមប្រទេសអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងកំណត់ទូតដែលផ្ញើចេញ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ សហរដ្ឋអាមេរិក បានពិពណ៌នាថា សេចក្តីសម្រេចដែលខ្លួនព្រាងឡើង គឺជាសេចក្តីសម្រេចសម្លឹងឆ្ពោះទៅកាន់អនាគត ដែលផ្តោតលើគំនិតយ៉ាងសាមញ្ញមួយ គឺបិទបញ្ចប់សង្រ្គាម។ កំណត់ទូតដដែល បានបន្តថា តាមរយៈសេចក្តីសម្រេចនេះ បណ្តារដ្ឋជាសមាជិក អាចបង្កើតកម្លាំងចលករពិតប្រាកដ ដើម្បីឆ្ពោះទៅរកសន្តិសុខនិងសន្តិភាពអន្តរជាតិ ខណៈការរក្សាការពារសន្តិសុខ និងសន្តិភាពអន្តរជាតិ គឺជាគោលបំណងចម្បង នៃអង្គការសហប្រជាជាតិ (UN) ហើយបានស្នើឱ្យប្រទេសនានា បោះឆ្នោតជំទាស់ចំពោះសេចក្តីសម្រេចដទៃទៀត ឬការប៉ុនប៉ងធ្វើវិសោធនកម្មនានា ដែលលើកឡើង អំឡុងកិច្ចប្រជុំនាថ្ងៃចន្ទនេះ។
សេចក្តីសម្រេចរបស់អាមេរិក ដែលស្នើឡើងកាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រជែងគ្នាជាមួយសេចក្តីសម្រេចដាច់ដោយឡែក ផ្សេងមួយទៀត របស់សហភាពអឺរ៉ុបនិងអ៊ុយក្រែន ដែលបន្ទរសាជាថ្មី នូវការទាមទារកន្លងមករបស់ UN ឱ្យរុស្សីដកកងទ័ព និងបញ្ឈប់អរិភាព ហើយប្តេជ្ញាចំពោះបូរណភាពទឹកដីរបស់អ៊ុយក្រែន។ មហាសន្និបាត UN ដែលមានសមាជិកចំនួន១៩៣ប្រទេស បានបោះឆ្នោតគាំទ្រលើសលប់ម្តងហើយម្តងទៀត ចំពោះអធិបតេយ្យនិងបូរណភាពទឹកដីរបស់អ៊ុយក្រែន ចាប់តាំងពីសង្រ្គាម ផ្ទុះឡើង។
ដោយឡែក សេចក្តីព្រាងនៃសេចក្តីសម្រេចរបស់អាមេរិក មិនមានលើកឡើងអំពីរឿងទាំងនោះឡើយ។ ខ្លឹមសារនៅក្នុងនោះ លើកតែអំពី ការបាត់បង់ជីវិត ដែលបង្កឡើងដោយសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន, បញ្ជាក់ជាថ្មីថា គោលដៅស្នូលរបស់ UN គឺរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ ហើយដោះស្រាយជម្លោះដោយសន្តិវិធី។ សេចក្តីសម្រេចនោះ អំពាវនាវរកទីបញ្ចប់ឆាប់រហ័ស សម្រាប់ជម្លោះ ហើយបន្តទទូចឱ្យមានសន្តិភាពយូរអង្វែង រវាងអ៊ុយក្រែននិងរុស្ស៉ី។ ក្រុមប្រឹក្សាសន្តិសុខ UN ដែលមាន១៥សមាជិក ក៏គ្រោងបោះឆ្នោតលើសេចក្តីសម្រេចរបស់អាមេរិក ក្នុងថ្ងៃចន្ទដដែលផងដែរ។
គួរបញ្ជាក់ថា ការបោះឆ្នោតលើសេចក្តីសម្រេច ស្តីពីជម្លោះអ៊ុយក្រែន នៅ UN នាឱកាសខួប៣ឆ្នាំគត់នៃសង្រ្គាម នឹងកើតមានឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាប់ផ្តើមកិច្ចប្រឹងប្រែង ដើម្បីបញ្ចប់សង្រ្គាមឱ្យបានឆាប់ ដែលប្រការនេះបានបង្កភាពប្រេះឆាជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ហើយបង្កើតឱ្យមានក្តីបារម្ភ ក្នុងចំណោមសម្ព័ន្ធមិត្តនៅអឺរ៉ុបថា ពួកគេអាចនឹងត្រូវផាត់ចេញទាំងស្រុង ពីកិច្ចចរចាសន្តិភាព។ ក្រុមមន្រ្តីអាមេរិកនិងរុស្ស៉ី បានជួបពិភាក្សាគ្នា កាលពីថ្ងៃអង្គារសប្តាហ៍មុន ដោយគ្មានវត្តមានអឺរ៉ុប និងអ៊ុយក្រែន៕

អត្ថបទដែលជាប់ទាក់ទង