ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទៅមើលផ្កាបំពង់ក្រឡោមនៅលើភ្នំខ្នងព្រះ ខេត្តពោធិ៍សាត់ កំពុងចាប់អារម្មណ៏ពីភ្ញៀវជាតិ អន្ដរជាតិទៅទស្សនា

20

ភ្នំពេញ៖ ផ្កាបំពង់ក្រឡោមជាផ្កាដែលគេបានស្គាល់ជាទូទៅ និងអ្នកខ្លះដែលទើបបានស្កាល់តែងផ្ទុះសំណើចដោយសារតែរូបរាងចម្លែករបស់វា។ កន្លងមកផ្កាបំពង់ក្រឡោមនេះ អ្នកទេសចរតែងឃើញដុះតែតំបន់មួយចំនួនប៉ុណ្ណោះដូចជានៅតំបន់ភ្នំពពកវិលវាលស្រែ៥០០ វាលស្រែ១០០ នៃឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ឬតំបន់ភ្នំខ្នងក្រពើ ខ្នងវិហារ ខ្នងផ្សារជាដើម។ ចំណែកនៅលើខ្នងភ្នំព្រះ ខេត្តពោធិ៍សាត់ឯណោះវិញ ក៏គេឃើញមានដុះយ៉ាងច្រើន និងបញ្ចេញសម្រស់យ៉ាងស្រស់ស្អាត លាយឡំជាមួយប្រភេទរុក្ខជាតិផ្កាព្រៃជាច្រើនទៀតសម្រាប់ទទួលភ្ញៀវទេសចរផងដែរ។ ផ្កាបំពង់ក្រឡោម អ្នកខ្លះហៅថា បំពង់ស្រមោច ឬខ្លះទៀតហៅថា ផ្កាបំពង់លុក ឬ «ផ្កាក្រឡូមពារ» គឺជាពួករុក្ខជាតិស៊ីសាច់ដែលគេបានដឹងតិចតួចណាស់នៅកម្ពុជា។ ផ្កានេះភាគច្រើនគេឃើញដុះនៅតាមទីតំបន់ភ្នំខ្ពស់ៗហើយមានរូបរាងគួរជាទីចាប់អារម្មណ៍ ដោយសារតែវាមានរូបរាងស្រដៀងទៅនឹងអវយវៈភេទបុរស។
លោក សាវ ធីម ប្រធានក្រុមអ្នកនាំផ្លូវសហគមន៍ភ្នំព្រះដែលស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានប្រាប់ថា ផ្កាបំពង់ក្រឡោមនេះមានដុះយ៉ាងច្រើននៅលើខ្នងភ្នំព្រះ ហើយឱ្យតែមានទីវាលចាប់ពីលើភ្នំកម្ពស់៣០០ម៉ែត្រ គឺមានដុះហើយ។ ផ្កាប្រភេទនេះដុះរីកស្គុះស្គាយល្អបំផុតគឺចាប់ពីខែ១០ ដល់ខែ១២ ហើយនៅតំបន់នេះឃើញមានដុះ២ប្រភេទគឺផ្កាពណ៌ក្រហម និងបៃតង។ ផ្កាបំពង់ក្រឡោមនៅទីនេះខ្លះរីកធំៗរហូតដល់ទំហំប៉ុនកដៃក៏មានដែរ ដោយសារតែតំបន់នេះមានអាកាសធាតុត្រជាក់ និងដីមានជីជាតិល្អ។
ប្រធានក្រុមអ្នកនាំផ្លូវរូបនេះបានបញ្ជាក់ប្រាប់បន្ថែមថា “ផ្កានេះធ្វើឱ្យអ្នកទេសចរចាប់អារម្មណ៍ខ្លាំងណាស់។ ពិសេសអ្នកទេសចរស្រីៗតែងចំអែចម្អន់គ្នា ហើយតែងថតរូបទុកជាអនុស្សាវរីយ៍មិនដែលភ្លេចសោះឡើយ”។
លោក អេង រស្មី ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានប្រាប់ឱ្យដឹងថា តំបន់ភ្នំខ្នងព្រះសម្បូរទៅដោយរុក្ខជាតិចម្រុះច្រើនប្រភេទ ដែលអ្នកទេសចរក្រៅពីអាចទស្សនាផ្ការុក្ខជាតិ តាមតំបន់ព្រៃភ្នំ ថែមទាំងអាចទស្សនាទេសភាពព្រៃភ្នំដ៏ស្រស់ត្រកាល ដោយពុំមានកន្លែងតំបន់ដទៃទៀតដូចនោះឡើយ។ ផ្ការុក្ខជាតិចម្រុះពិសេសនារដូវវស្សាគេអាចដើរទស្សនាមិនចេះនឿយហត់សោះឡើយ។
ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថាការថែរក្សាបាននូវធនធានធម្មជាតិ មិនត្រឹមតែរក្សាបានលំនឹងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ប៉ុណ្ណទេ ប៉ុន្តែយើងអាចថែរក្សាគង់វង្សនូវសម្បត្តិធនធានធម្មជាតិ សម្រាប់ប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ ដែលវាក៏ជាផ្នែកមួយសម្រាប់ជំរុញដល់សេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកចម្រើនលូតលាស់ជាបន្តបន្ទាប់។
បើតាមមន្រ្តីក្រសួងបរិស្ថានបានឱ្យដឹងនាកន្លងមកថា ផ្កាបំពង់ក្រឡោមនេះមានចំនួន១២៩ប្រភេទ ក្នុងនោះ៥ប្រភេទ មានដុះលូតលាស់នៅផ្នែកមួយចំនួននៅកម្ពុជាដូចជា នៅតំបន់ភ្នំពពកវិល វាលស្រែ៥០០ វាលស្រែ១០០ នៃឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ជាដើម។ ប្រភេទខ្លះដុះនៅតាមតំបន់ភ្នំនៃភាគនិរតីប្រទេសកម្ពុជាដូចជានៅតាមតំបន់ជួរភ្នំក្រវាញ។ ខ្លះដុះនៅក្នុងខេត្តកំពត ដែនជម្រកសត្វព្រៃភ្នំសំកុស និងនៅតាមតំបន់ជួរភ្នំក្រវាញ។ ប្រភេទខ្លះទៀតដុះនៅខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ និងដូចជាប្រភេទ Nepenthes smilesii Hemsley មាននៅដុះខេត្តកំពតនិងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» នៃខេត្តកំពង់ស្ពឺ ជាដើម។
សូមបញ្ជាក់ថា នាកន្លងមកក្រសួងបរិស្ថានក៏បានចេញបំរាមមិនឱ្យអ្នកទេសចរបេះផ្កា ដើម្បីថតរូប ជាហេតុធ្វើឱ្យផ្ការងនូវការផុតពូជរួចមកហើយ៕
ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង