ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាមេរិក និងអ៊ុយក្រែន ឯកភាពគ្នាលើលក្ខខណ្ឌមួយចំនួននៃកិច្ចព្រមព្រៀងរ៉ែ

20

ក្រុងកៀវ៖សហរដ្ឋអាមេរិក និងអ៊ុយក្រែន កាលពីថ្ងៃអង្គារសប្តាហ៍នេះថា បានឈានដល់ការឯកភាពគ្នា ទៅលើលក្ខខណ្ឌមួយចំនួននៃសេចក្តីព្រាងកិច្ចព្រមព្រៀងរ៉ែ ដែលទីក្រុងកៀររំពឹងថា នឹងទទួលបានការបន្តគាំទ្រពីទីក្រុងវ៉ាស៉ីនតោន ខណៈលោកប្រធានាធិបតី ដូណាល់ ត្រាំ ស្វះស្វែងរកការបញ្ចប់សង្រ្គាមជាមួយភាគីរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៥។
តាមប្រភពដែលដឹងពីខ្លឹមសារនៃសេចក្តីព្រាងកិច្ចព្រមព្រៀងនេះ មិនមានការធានាផ្នែកសន្តិសុខណាមួយ ឬការបន្តផ្តល់អាវុធឡើយ ដោយសហរដ្ឋអាមេរិកគ្រាន់តែលើកឡើងថា ចង់ឱ្យអ៊ុយក្រែន មានសេរីភាព អធិបតេយ្យភាព និងសន្តិសុខ។ ប្រភព មួយ ទៀត និយាយ ថា ការ បន្តផ្តល់អាវុធ នា ពេល អនាគត ស្ថិតក្នុងការពិភាក្សា រវាង ក្រុង វ៉ាស៉ីនតោន និងទី ក្រុងកៀវនៅឡើយ។
គួរបញ្ជាក់ថា នៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងរ៉ែ ដែលលោក ហ្សេលេនស្គី បានបដិសេធកន្លងមក សហរដ្ឋអាមេរិក និងអ៊ុយក្រែន នឹងបង្កើតមូលនិធិវិនិយោគកសាងឡើងវិញមួយ ដោយប្រមូលថវិកាពីប្រភពចំណូលរបស់អ៊ុយក្រែន រួមទាំងសារធាតុរ៉ែ អ៉ីដ្រូកាបូន និងវត្ថុធាតុដើមដែលអាចទាញយកបានផ្សេងទៀត។ តមក អ៊ុយក្រែន នឹងផ្តល់ចំណែក ៥០ភាគរយនៃចំណូលរបស់ខ្លួនទៅឱ្យសហរដ្ឋអាមេរិក រហូតដល់គ្រប់ចំនួន ៥០០ពាន់លានដុល្លារ។ ចំណែក សហរដ្ឋអាមេរិក នឹង ផ្តល់ការគាំទ្រហិរញ្ញវត្ថុ រយៈពេល វែង សម្រាប់ការ អភិវឌ្ឍ អ៊ុយក្រែន។
លោក ត្រាំ បានប្រាប់អ្នកកាសែតថា លោក ហ្សេលេនស្គី ចង់មកកាន់ទីក្រុងវ៉ាស៉ីនតោន នាថ្ងៃសុក្រនេះ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏ធំមួយ។ ប្រធានាធិបតីអាមេរិករូបនេះ ក៏បាននិយាយផងដែរថា ទម្រង់នៃដាក់កងទ័ពរក្សាសន្តិភាព គឺជារឿងចាំបាច់នៅអ៊ុយក្រែន ប្រសិនបើកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម អាចសម្រេចទៅបាន៕

អត្ថបទដែលជាប់ទាក់ទង