សម្តេចមហាបវរធិបតី៖ បើចង់មានការប្រលងបាក់ឌុប ឬអត់ ត្រូវតែធានាឱ្យបាននូវគុណភាពអប់រំ
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រលងបាក់ឌុបជាការវាស់ស្ទង់សមត្ថភាព តែបើចង់មានការប្រលងបាក់ឌុប ឬអត់ ត្រូវតែធានាឱ្យបាននូវគុណភាពអប់រំ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារ ឆ្នាំសិក្សាចាស់ និងលើកទិសដៅការងារឆ្នាំសិក្សាថ្មី របស់ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។
នាឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យក្រសួងអប់រំ ពង្រឹងទាំងបឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សា ព្រមទាំងគ្រប់កម្រិតសិក្សា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ពិតណាស់ យើងមិនបាច់តឹងដូចប្រឡងកាលពីសង្គម […] ដូច ឯកឧត្តមរដ្ឋលេខាធិការ ថាមួយស្រុក គឺជាប់តែម្នាក់ទេ។ ខ្ញុំថា ឯកឧត្តម ឥលូវបើឲ្យមួយស្រុកជាប់ម្នាក់ គឺយ៉ាប់ហើយ។ កាលមុន មុនសង្គ្រាមគឺតឹង តែពេលនោះចំនួនប្រជាជនក៏តិច។ យើងក៏មិនចាំបាច់តឹងដល់នោះ ប៉ុន្តែគុណភាពដែលត្រូវជាប់ ត្រូវតែពង្រឹង»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា «មានការសួរខ្ញុំថា ទៅថ្ងៃក្រោយចង់លុបបាក់ឌុបឬអត់? ខ្ញុំថា លុប ឬមិនលុប មិនសំខាន់ទេ រឿងប្រឡងនេះ សំខាន់ ជាតេស្តមួយសម្រាប់បញ្ជាក់យើងដល់ណា តែប៉ុណ្ណឹង។ សំខាន់ បើសិនជាយើងច្បាស់ខ្លួនឯងថា ពីក្រោមដល់លើរឹងមាំហើយ ប្រឡងឆមាស ប្រឡងប្រចាំឆ្នាំនេះ ប្រាកដជាធ្វើបានហើយ មិនចាំបាច់ក៏បានដែរ តែឥលូវប្រាកដទៅ បើមិនប្រាកដ ត្រូវមានការឆែក ដើម្បីឲ្យទាំងគ្រួសារ ទាំងសាម៉ីខ្លួន ទាំងគ្រូ ដឹងថាគុណភាពដល់ណា។ តើស្តង់ដារ យើងមានឬអត់»។
ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងអប់រំ យុវជន និងកីឡា គ្រឹះស្ថាន សិក្សារដ្ឋ និងឯកជន ត្រូវសហការលើកកម្ពស់ការអប់រំវិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម, សិល្បៈ និងគណិតវិទ្យា នៅគ្រប់កម្រិត ដើម្បីរៀបចំសិស្សឱ្យទទួលបាននូវ បំណិន សតវត្សរ៍ ទី ២១, ជាពិសេស ជំរុញការបំពាក់បំប៉នជំនាញ និងបច្ចេកវិទ្យាដែលជា តម្រូវ ការ ទីផ្សារការងារ និង ធុរកិច្ច ពង្រឹងការបណ្ដុះបណ្ដាល និងការផ្លាស់ប្តូរជំនាញ ស្របនឹងតម្រូវការទីផ្សារការងារ៕