ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសលុបចោល «មជ្ឈមណ្ឌលសិក្សាទំនើប» និងណែនាំឱ្យក្រសួងអប់រំត្រូវតែធានាភាពម្ចាស់ការរបស់រដ្ឋក្នុងការគ្រប់គ្រង

19

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា សម្តេចទើបតែសម្រេចលុបចោល «មជ្ឈមណ្ឌលសិក្សាទំនើប» ដែលរៀបចំក្រោមកិច្ចសហការរវាងរដ្ឋ និងឯកជន ដោយសារតែកម្មវិធីនេះ មិនអាចទៅរួចឡើយ ហើយធ្វើឱ្យរដ្ឋបាត់ភាពម្ចាស់ការក្នុងការគ្រប់គ្រង។
ការប្រកាសរបស់សម្តេចបវរធិបតី បានធ្វើឡើង នៅរសៀលថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សាចាស់ឆ្នាំ ២០២៣ -២០ ២ ៤ និងលើកទិសដៅការងារឆ្នាំសិក្សាថ្មីឆ្នាំ២០២៤-២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ការប្រកាសបិទកម្មវិធីសិក្សាទំនើប ដែលមាននៅសាលាបឋមសិក្សាចំនួន១៨ ដោយបិទចំនួន ១២សាលាចោលទាំងស្រុង និង៦ទៀត បន្តដល់ចប់ឆ្នាំសិក្សា។ ការបិទមជ្ឈមណ្ឌលសិក្សាទំនើបនេះ ដោយសារសម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា មិនចង់ឃើញសាលារៀនមានស្ដង់ដាពីរ។
សម្តេចបានបញ្ជាក់ដូច្នេះថា៖ «រឿងមជ្ឈមណ្ឌលសិក្សាទំនើប ថ្ងៃមុនខ្ញុំឱ្យលុបវិញ កិច្ចការងារនេះគឺជាការខិតខំរៀបចំក្នុងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីដោះស្រាយបញ្ហា ប៉ុន្តែការរៀបចំនេះដំណើរការមិនអាចទៅរួចទេ»។
មជ្ឈមណ្ឌលសិក្សាទំនើប កន្លងមកបានទទួលសិទ្ធិក្នុងការសហការជាមួយសាលាសាធារណៈមួយចំនួនពីកម្រិតមត្តេយ្យរហូតដល់មធ្យមសិក្សាទូទាំងប្រទេស ដោយផ្តល់កម្មវិធីសិក្សាពេញមួយថ្ងៃនៅសាលាបឋមសិក្សាសាធារណៈ ដែលជាដៃគូ ពោលគឺកម្មវិធីជាតិមួយវេនមាន៤ម៉ោង និងកម្មវិធីសិក្សាទំនើបមួយវេនមាន ៣ម៉ោង និងសិក្សា៥ថ្ងៃក្នុងមួយសប្តាហ៍ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។
ក្នុងពិធីដដែលនេះ សម្តេចនាយករដ្ឋមន្ត្រី បានណែនាំបន្ថែមទៅក្រសួងអ ប់រំ យុវជន និងកីឡា ដែលដាក់ចេញនូវយន្តការអ្វីក៏ដោយ ត្រូវតែធានាភាពម្ចាស់ការរបស់រដ្ឋក្នុងការគ្រប់គ្រងមូលដ្ឋានរបស់ខ្លួន១០០ភាគរយ ដោយមិនត្រូវឱ្យឯកជនចូលរួមដឹកនាំនោះឡើយ។ ជាមួយគ្នានេះ សម្តេចបានណែនាំ មិនឱ្យមានការបង្កើតប្រព័ន្ធពីរ ក្នុងសាលាតែមួយនោះឡើយ។
សម្តេចបានបញ្ជាក់ បន្ថែមថា ភាពជាដៃគូរវាងរដ្ឋ និងឯកជន ក៏មិនអាចយករូបមន្តណា ដែលធ្វើឱ្យបាត់ម្ចាស់ការរបស់រដ្ឋ នៅក្នុងមូលដ្ឋានបានឡើយ។
«ធ្វើអ្វីក៏ដោយ កុំឱ្យបាត់ម្ចាស់ការ ធ្វើការជាមួយដៃគូឯកជនណាក៏ដោយមិនអាចឱ្យដៃគូដឹកមុខទេ យើងជាខ្មែរត្រូវម្ចាស់ការគ្រប់គ្រង ទៅលើផែនការគម្រោងរបស់យើង ហើយដៃគូមកជួយយើងតាមផែនការរបស់យើងវិញ»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៕

អត្ថបទដែលជាប់ទាក់ទង