លោក ដូណាល់ ត្រាំ បដិសេធឆ្លើយនឹងសំណួរអំពីចិន និងតៃវ៉ាន់
វ៉ាស៊ីនតោន៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី២៦ ខែកុម្ភៈ បានបដិសេធធ្វើការអត្ថាធិប្បាយឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតដែលបានចោទសួរថាតើសហរដ្ឋអាមេរិកនឹង បណ្ដោយឱ្យចិនគ្រប់គ្រងកោះតៃវ៉ាន់ដោយប្រើកម្លាំងបាយ ឬក៏យ៉ាងណា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅឯសេតវិមាន លោក ត្រាំ បានបញ្ជាក់យ៉ាងខ្លីថា «ខ្ញុំមិនធ្វើអត្ថាធិប្បាយលើរឿងនេះទេ»។ ចម្លើយយ៉ាងខ្លីបែបនេះរបស់លោក ត្រាំ ធ្វើឡើងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី និងជាការឆ្លើយតបទៅនឹងសំណួររបស់ អ្នកកាសែតម្នាក់ដែលបានចោទថាតើវាជាគោលនយោបាយរបស់លោកឬក៏យ៉ាងណា ដែលចិននឹងមិនត្រូវបានអនុញ្ញាតឱ្យគ្រប់គ្រងកោះតៃវ៉ាន់ដោយប្រើកម្លាំងបាយ អំឡុងអាណត្តិជាប្រធានាធិបតីរបស់លោក។ លោក ត្រាំ បន្តថាលោកចង់បានទំនាក់ទំនងល្អជាមួយចិន ក្នុងនោះរួមមានទាំងការវិនិយោគឆ្លងដែន បើទោះជាលោកបានដំឡើងការយកពន្ធបន្ថែមពីទំនិញនាំចូលពីចិនក៏ដោយ។
ប៉ុន្តែ ក្នុងបទសម្ភាសន៍ដាច់ដោយឡែកជាមួយទូរទស្សន៍ Fox News រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថារដ្ឋាភិបាលអាមេរិកមានគោលជំហរយូរអង្វែងមួយស្ដីពីតៃវ៉ាន់ នោះគឺនឹងមិន បោះបង់ចោល ហើយប្រឆាំងនឹងរាល់ការប្រើប្រាស់កម្លាំងបាយ ឬការសម្លុតគំរាមដើម្បីកែប្រែឋានៈរបស់តៃវ៉ាន់។ «សហរដ្ឋអាមេរិកមានការប្ដេជ្ញាចិត្តដើម្បីរារាំងមិនឱ្យរឿងបែបនេះកើតឡើងទេ ហើយនឹងធ្វើប្រតិកម្ម ឆ្លើយតប រីឯចិនក៏បានដឹងយ៉ាងច្បាស់ពីរឿងនេះដែរ»។ នេះជាការបញ្ជាក់របស់លោក Rubio នៅពេលត្រូវបានសាកសួរថាតើសហរដ្ឋអាមេរិកនឹងធ្វើបែបនេះ បើចិនវាយប្រហារលើតៃវ៉ាន់។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានផ្ដាច់ទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ ហើយបង្កើតទំនាក់ទំនងផ្លូវការជាមួយចិន ក្នុងឆ្នាំ១៩៧៩។ សហរដ្ឋអាមេរិក បានប្រកាសថាខ្លួនមិនគាំទ្រឱ្យតៃវ៉ាន់ប្រកាសឯករាជ្យ ឡើយ។ តែទោះជាបែបនេះក្ដី សហរដ្ឋអាមេរិកនៅតែរក្សាទំនាក់ទំនងក្រៅផ្លូវការជាមួយតៃវ៉ាន់ ហើយជាអ្នកគាំទ្រ ក៏ដូចជាផ្គត់ផ្គង់អាវុធដ៏ធំបំផុតសម្រាប់តៃវ៉ាន់ នៅក្រោមច្បាប់មួយដែលតម្រូវឱ្យវ៉ាស៊ីនតោនផ្ដល់ មធ្យោបាយឱ្យតៃវ៉ាន់មានលទ្ធភាពការពារខ្លួនឯង៕