ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ត្រាំ បញ្ជាក់ជាផ្លូវការថាលោក ហ្សេលេនស្គី នឹងធ្វើទស្សនកិច្ចដើម្បីចុះកិច្ចព្រមព្រៀងស្ដីពីរ៉ែ

20


វ៉ាស៊ីនតោន៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ជាផ្លូវការថាប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្ដីពីរ៉ែកម្រ ខណៈមេដឹកនាំអ៊ុយក្រែនបាននិយាយថាជោគជ័យនៃកិច្ចព្រមព្រៀងនេះនឹងអាស្រ័យទៅលើកិច្ចពិភាក្សាទាំងនោះ និងការបន្តផ្ដល់ ជំនួយរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្រោមកិច្ចព្រមព្រៀងដែលនាយករដ្ឋមន្ត្រីអ៊ុយក្រែន ហៅថាជា «កិច្ចព្រមព្រៀងបឋម» ទីក្រុងកៀវបានយល់ព្រមបង្វិលប្រាក់ចំណូលមួយចំនួនដែលខ្លួនប្រមូលបានពីធនធានរ៉ែរបស់ខ្លួន ទៅកាន់ មូលនិធិរួមមួយគ្រប់គ្រងដោយសហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងនេះជាចំណុចស្នូលដ៏សំខាន់មួយសម្រាប់អ៊ុយក្រែន ដើម្បីដោះដូរជាមួយការគាំទ្រយ៉ាងរឹងមាំពីលោក ដូណាល់ ត្រាំ ដែលកំពុងស្វះស្វែង បញ្ចប់សង្រ្គាមឱ្យបានឆាប់ ស្របពេលកិច្ចពិភាក្សាអាមេរិក និងរុស្ស៉ីដែលមកទល់នឹងពេលនេះបានផាត់អ៊ុយក្រែនចោល គ្រោងនឹងបន្តធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្នុងទីក្រុង Istanbul ប្រទេសតួកគី។
តាមលោក ដូណាល់ ត្រាំ លោក ហ្សេលេនស្គី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីរ៉ែកម្រ និងប្រធានបទផ្សេងទៀតអំឡុងទស្សនកិច្ចរបស់លោក។ ប៉ុន្តែ បាននិយាយថាទីក្រុងវ៉ាស៊ីនតោននឹងមិនផ្ដល់ ការធានាសន្តិសុខដ៏សំខាន់នោះទេ។ «ខ្ញុំនឹងមិនផ្ដល់ការធានាសន្តិសុខទេ។ យើងនឹងមានបណ្ដាប្រទេសអឺរ៉ុបដែលនឹងធ្វើរឿងនេះ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ត្រាំ ដោយមិនបានលម្អិតអ្វី នោះទេ។
គួរបញ្ជាក់ថា នៅក្នុងសុន្ទរកថាជាវីដេអូមួយ លោក ហ្សេលេនស្គី បាននិយាយថាកិច្ចពិភាក្សារបស់លោកជាមួយលោក ត្រាំ នឹងសង្កត់ធ្ងន់លើសារៈសំខាន់នៃការទទួលបានការធានាសន្តិសុខ ដើម្បីអាច ធានាបានថារុស្ស៉ីនឹងមិនឈ្លានពានអ៊ុយក្រែនសាជាថ្មី ហើយការបន្តផ្ដល់ជំនួយរបស់សហរដ្ឋអាមេរិកគឺជារឿងសំខាន់បំផុតមួយ៕

អត្ថបទដែលជាប់ទាក់ទង