លោក សំ លាងទ្រី ៖ណែនាំក្រុមការងារជួសជុល ថែទាំផ្លូវថ្នល់ត្រូវយកចិត្តទុកដាក់លើការងារពង្រឹងគុណភាពផ្លូវ,កោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ចេះរួមសហការសាមគ្គីគ្នាបានយ៉ាងល្អ
ព្រះវិហារ៖នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបើកកិច្ចប្រជុំឆ្លងរបាយការណ៍លទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅអនុវត្តបន្តសម្រាប់ខែមីនា ក្រោមវត្តមានលោក សំ លាងទ្រី ប្រធានមន្ទីរនិងដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីរាជការជាច្រើនរូបទៀត។
ក្នុងកិច្ចប្រជុំលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានមានប្រសាសន៍កោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ ដែលបានរួមសហការសាមគ្គីគ្នាបានយ៉ាងល្អ ខិតខំបំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់រៀងៗខ្លួន ធ្វើឱ្យការងាររបស់មន្ទីរទទួលបានលទ្ធផលល្អប្រសើរ។
លោកប្រធានមន្ទីរក៏បានមានប្រសាសន៍ណែនាំ ដល់ក្រុមការងារជួសជុល ថែទាំផ្លូវថ្នល់ ត្រូវយកចិត្តទុកដាក់លើការងារពង្រឹងគុណភាពផ្លូវ ពិសេសកម្រាស់ផ្លូវ ត្រូវធ្វើឱ្យទៅតាមស្តង់ដារបទដ្ឋានបច្ចេកទេស ដើម្បីឱ្យផ្លូវប្រើប្រាស់បានយូរអង្វែង។
ជាមួយគ្នានោះដែរលោកប្រធានបានបញ្ជាក់យ៉ាងច្បាស់ថា ៖ក្នុងករណីរកឃើញមានមន្ត្រីកេងប្រវ័ញ្ចលក្ខណៈបច្ចេកទេសលើការងារសាងសង់ផ្លូវ គឺមន្ត្រីនោះត្រូវតែទទួលខុសត្រូវទាំងស្រុងតាមនិតិវិធីច្បាប់ផ្សេងៗ ដោយលោកសង្កត់ធ្ងន់ថា បញ្ហាគុណភាពជាបញ្ហាចម្បងសំខាន់បំផុតសម្រាប់រូបលោក៕