លោកស្រី ដោ សម្ផស្ស អនុប្រធានប្រឹក្សានាំយកអំណោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតជូនដល់ក្មួយៗរងគ្រោះដោយអគ្គិភ័យនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ
ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកស្រី ដោ សម្ផស្ស អនុប្រធានប្រឹក្សា នៃសមាគមកាយឫទ្ធិនារីកម្ពុជាសាខារាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ជា ស៊ីណា ឃួង ស្រេង ប្រធានក្រុមប្រឹក្សានៃសមាគមកាយឫទ្ធិនារីកម្ពុជាសាខារាជធានីភ្នំពេញ បានយកអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ជូនក្មួយៗចំនួន ០៦នាក់ ជាសមាជិកាសកម្មរបស់សាខារាជធានីភ្នំពេញដែលទទួលរងគ្រោះដោយអគ្គិភ័យនាពេលកន្លងមក នៅភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
ក្នុងឱកាសនោះលោកស្រី ដោ សម្ផស្ស បានពាំនាំនូវពាក្យផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជានិងជា ស៊ីណា ឃួង ស្រេង ប្រធានក្រុមប្រឹក្សានៃសមាគមកាយឫទ្ធិនារីកម្ពុជាសាខារាជធានីភ្នំពេញ ជូនក្មួយៗ និងក្រុមគ្រួសារ ដែលជានិច្ចជាកាលលោកទាំងពីរតែងយកចិត្តទុកដាក់ និងបារម្ភពីសុខទុក្ខរបស់សមាជិកាសកម្ម។
ក្នុងឱកាសនោះដែរលោកស្រី ដោ សម្ផស្សបានបញ្ជាក់ថា៖ចំពោះអំណោយដែលបានចែកជូននាពេលនេះគឺក្នុងម្នាក់ៗទទួលបាន៖ អង្ករចំនួន ២៥គ.ក្រ ត្រីខ ១យួរ មី ១កេសតូច តង់ ១ផ្ទាំង ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកាចំនួន ២០ម៉ឹនរៀល និងសម្លៀកបំពាក់មួយចំនួនដែលបានមកពីកម្មវិធី “ចាស់អ្នក ថ្មីខ្ញុំ”៕