ការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងថៃ នៅតំបន់ប្រាសាទព្រះវិហារ និងប្រាសាទតាមាន់ តាក្របី បង្កឡើងដោយអ្នកនយោបាយជាតិនិយមជ្រុលថៃប៉ុន្មាននាក់ ជាមេរៀនឱ្យពលរដ្ឋទាំងខ្មែរ ទាំងថៃត្រូវចងចាំ និងខិតខំធ្វើយ៉ាងណាកុំឲ្យមានកើតឡើងទៀត
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្កមផ្លូវការរបស់សម្តេចបានបង្ហោះរូបថតចំនួន៤សន្លឹក ដែលថតនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១១ នៅច្រកព្រំដែនជាំ-ស្រង៉ាំ ខេត្តឧត្តរមានជ័យ ក្នុងពេលដែលសម្តេចនៅកាន់តួនាទីជាមេបញ្ជាការរងកងទ័ពជើងគោក បានចរចាជាមួយកងទ័ពជើងគោកថៃ ដើម្បីឈានទៅរកការផ្អាកការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានផ្ទុះឡើងនៅឆ្នាំ ២០០៨ នៅទិសប្រាសាទព្រះវិហារ និងរាលដាលដល់ទិសប្រាសាទតាមាន់ និងប្រាសាទតាក្របីនៅឆ្នាំ ២០១១។
សម្តេចបវរធិបតីរំលឹកថា ការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងថៃ នៅតំបន់ប្រាសាទព្រះវិហារ និងប្រាសាទតាមាន់ តាក្របី នៅពេលនោះ ផ្ដើមឡើង ដោយអ្នកនយោបាយជាតិនិយមជ្រុលថៃប៉ុន្មាននាក់ប៉ុណ្ណោះ ដែលបានធ្វើសកម្មភាពក្រោមផ្លាកស្នេហាជាតិ ដោយបានរំលោភចូលមកកាន់កាប់វត្ត កែវ សិក្ខាគីរីស្វារៈ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨។
សម្តេចនាយករដ្ឋមន្ត្រីលើកឡើងទៀតថា ការប្រយុទ្ធគ្នានៅឆ្នាំ២០០៨-២០១១ គឺមិនខុសគ្នាពីការប្រយុទ្ធគ្នា កាលពីអតីតកាលនោះទេ គឺគ្មានអ្វីចំណេញពីសង្គ្រាម និងការប្រយុទ្ធគ្នានោះទេ។ អ្នកដែលខាតបាត់បង់ផ្ទាល់ គឺយោធិននៃប្រទេសទាំងពីរ និងក្រុមគ្រួសារដែលត្រូវបាត់បង់សមាជិកគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ប្រយុទ្ធគ្នា។ ដោយឡែក អ្នកជាតិនិយមជ្រុលដែលបង្កបញ្ហាឲ្យឈាន ទៅការផ្ទុះអាវុធ ពេលសង្គ្រាមផ្ទុះឡើង គឺពួកគេមិនដែលមានមុខនៅលើសមរភូមិប្រយុទ្ធទេ។ ពួកគេតែងតែរត់ទៅនៅកន្លែងសុវត្ថិភាព រាប់រយគីឡូម៉ែត្រពីតំបន់ប្រយុទ្ធគ្នា។
តាមរយៈបទពិសោធន៍នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សង្ឃឹមនឹងក្លាយជាមេរៀនមួយ ដែលប្រជាពលរដ្ឋទាំងខ្មែរ ទាំងថៃត្រូវចងចាំ និងខិតខំធ្វើយ៉ាងណាកុំឲ្យមានកើតឡើងទៀត។
សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះសារមានខ្លឹមសារដូច្នេះថា៖
ទើបឃើញរូបភាពប៉ុន្មានសន្លឹកនេះ ដែលថតនៅថ្ងៃទី ១៩ កុម្ភៈ ឆ្នាំ២០១១ នៅច្រកព្រំដែនជាំ-ស្រង៉ាំ ខេត្តឧត្តរមានជ័យ។
រូបទាំងនេះបង្ហាញអំពីការចរចារវាងភាគីកម្ពុជា ដែលដឹកនាំដោយរូបខ្ញុំ ក្នុងនាមជាមេបញ្ជាការរងកងទ័ពជើងគោក ដោយមានការចូលរួមពីឯកឧត្តម ជា ម៉ន អតីតមេបញ្ជាការយោធភូមិភាគទី៤ និងឯកឧត្តម ស្រី ឌឹក មេបញ្ជាការកងពលធំលេខ៣ ជាមួយភាគីកងទ័ពថៃ ដែលដឹកនាំដោយនាយសេនាធិកា កងទ័ពជើងគោកថៃ និងមានការចូលរួមពីថ្នាក់ដឹកនាំកងទ័ពថៃ ពាក់ព័ន្ធមួយចំនួនទៀត។
កិច្ចចរចារនេះ គឺដើម្បីឈានទៅរកការផ្អាកការឈប់បាញ់គ្នា រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានផ្ទុះឡើងនៅឆ្នាំ ២០០៨ នៅទិសប្រាសាទព្រះវិហារ និងរាលដាលដល់ទិសប្រាសាទតាមាន់ និងប្រាសាទតាក្របីនៅឆ្នាំ ២០១១។
សូមរំលឹកផងថា ការប្រយុទ្ធគ្នាពេលនោះ គឺមិនមែនផ្ដើមដោយកងទ័ព ឬរាជរដ្ឋាភិបាលនៃប្រទេសណាមួយនោះទេ។ ប៉ុន្តែវាចាប់ផ្ដើមឡើង ដោយអ្នកនយោបាយជាតិនិយមជ្រុលថៃប៉ុន្មាននាក់ប៉ុណ្ណោះ ដែលបានធ្វើសកម្មភាពក្រោមផ្លាកស្នេហាជាតិ ដោយបានរំលោភចូលមកកាន់កាប់វត្ត កែវ សិក្ខាគីរីស្វារៈដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា នៅថ្ងៃទី ១៥ កក្កដា ឆ្នាំ២០០៨។
សកម្មភាពដែលផ្ដើមឡើង ដោយមនុស្សប៉ុន្មាននាក់នេះ បានរាលដាល រហូតដល់មានការប៉ះទង្គិចប្រដាប់អាវុធ រវាងកងទ័ពនៃប្រទេសទាំងពីរអស់រយៈពេលជាង៣ឆ្នាំ ចាប់ពីតំបន់ប្រាសាទព្រះវិហារ រហូតដល់តំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ដោយបានបង្កឲ្យកងទ័ពទាំងពីរប្រទេសរងរបួស និងស្លាប់ជាច្រើននាក់ ក៏ដូចជាបង្ខំឲ្យប្រជាពលរដ្ឋខ្មែរ និងប្រជាពលរដ្ឋថៃដែលរស់នៅក្នុង និងក្បែរតំបន់ប្រយុទ្ធគ្នា រាប់ពាន់គ្រួសារត្រូវជម្លៀសចេញពីផ្ទះសំបែងរបស់ខ្លួន។ បន្ថែមលើនោះទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅក្នុងវិស័យផ្សេងៗ ក៏ទទួលរងការប៉ះពាល់ជាអវិជ្ជមានផងដែរ។
បទពិសោធន៍ដែលទើបតែកើតមានជាងមួយទសវត្សរ៍កន្លងទៅនេះ គឺជាការដាស់តឿនសម្រាប់ប្រជាពលរដ្ឋទាំងពីរប្រទេស ឲ្យប្រយ័ត្ននៅក្នុងការធ្វើសកម្មភាពអ្វីមួយ ត្រូវគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជាសវាងនូវសកម្មភាពជ្រុលនិយមទាំងឡាយណា ដែលអាចឈានទៅបង្កើតអំពើហិង្សា ដូចបានកើតឡើងនៅចន្លោះឆ្នាំ២០០៨-២០១១។
ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាប្រជាពលរដ្ឋថៃ មានសិទ្ធិស្នេហាជាតិ និងស្នេហាទឹកដីរបស់ខ្លួន។ ប្រទេសទាំងពីរមិនអាចលើកចេញពីគ្នាបានទេ ហើយបញ្ហាព្រំដែន ដែលនៅសេសសល់គឺជាមរតកប្រវត្តិសាស្ត្រ ដែលបន្សល់ទុកជាយូរណាស់មកហើយ។ យើងត្រូវខិតខំដោះស្រាយឲ្យបានចប់ ដោយផ្អែកលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ តាមរយៈយន្តការផ្លូវការដែលបានឯកភាពគ្នារវាងប្រទេសទាំងពីរ ដើម្បីជៀសវាងបង្កជាបញ្ហាហិង្សា ដែលអាចកើតមានជាយថាហេតុ ដូចកាលពីឆ្នាំ២០០៨-២០១១។
ខ្ញុំកើតមិនទាន់សង្គ្រាមក្នុងទសវត្សរ៍ទី៧០ ហើយក៏នៅតូចនៅក្នុងដំណាក់កាលនៃសង្គ្រាមស៊ីវិល ក្នុងទសវត្សរ៍ទី៨០ និងដើមទសវត្សទី៩០។ ប៉ុន្តែខ្ញុំគិតថាការប្រយុទ្ធគ្នានៅឆ្នាំ២០០៨-២០១១ គឺមិនខុសគ្នាពីការប្រយុទ្ធគ្នាកាលពីអតីតកាលនោះទេ គឺគ្មានអ្វីចំណេញពីសង្គ្រាមនិងការប្រយុទ្ធគ្នានោះទេ។
អ្នកដែលខាតបាត់បង់ផ្ទាល់ គឺយោធិននៃប្រទេសទាំងពីរ និងក្រុមគ្រួសារដែលត្រូវបាត់បង់សមាជិកគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ប្រយុទ្ធគ្នា (មិនទាន់គិតពីផលប៉ះពាល់លើទំនាក់ទំនង ក្នុងវិស័យផ្សេងៗរវាងប្រទេសទាំងពីរនោះផង)។
ដោយឡែក អ្នកជាតិនិយមជ្រុលដែលបង្កបញ្ហាឲ្យឈាន ទៅការផ្ទុះអាវុធ ពេលសង្គ្រាមផ្ទុះឡើង គឺពួកគេមិនដែលមានមុខនៅលើសមរភូមិប្រយុទ្ធទេ។ ពួកគេតែងតែរត់ទៅនៅកន្លែងសុវត្ថិភាព រាប់រយគីឡូម៉ែត្រពីតំបន់ប្រយុទ្ធគ្នា។
ខ្ញុំសង្ឃឹមថានេះគឺជាមេរៀនមួយដែលប្រជាពលរដ្ឋទាំងខ្មែរ ទាំងថៃត្រូវចងចាំ និងខិតខំធ្វើយ៉ាងណាកុំឲ្យមានកើតឡើងទៀត៕