ជូនដំណឹងពីស្ថានភាពភ្លៀងកក់ខែ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែមីនា, សូមប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ
ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពភ្លៀងកក់ខែ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។ នេះបើតាមសេចក្ដីជូនដំណឹង ដែលទទួលបាននៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥។
ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ខណៈដែលសម្ពាធទាបបានគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ ភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ មានស្ថានភាពដូចតទៅ៖
១៖ តំបន់វាលទំនាប៖ មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងកក់ខែគ្របដណ្តប់លើផ្ទៃដី២០%។
២៖ តំបន់ខ្ពង់រាប៖ មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងកក់ខែគ្របដណ្តប់លើផ្ទៃដី១៥%។
៣៖ តំបន់មាត់សមុទ្រ៖ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងកក់ខែគ្របដណ្តប់ លើផ្ទៃដី២៥%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ។
អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់សាធារណជន និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមាន ឡើងជាយថាហេតុ ។
ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាននិងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាប ជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល។
សូមបញ្ជាក់ថា កន្លងមកចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ភ្លៀងកក់ខែបានគ្របដណ្តប់ លើ ២២រាជធានី/ខេត្ត និង១៤២ក្រុង/ស្រុក/ខណ្ឌ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស៕