រាជរដ្ឋាភិបាលនឹងរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្ដីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះមហាក្សត្រនៅមុខប្រាសាទអង្គវត្ត ខេត្តសៀមរាប
ភ្នំពេញ៖ឯកឧត្ដមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានសរសេរក្នុងផេកផ្លូវការនាថ្ងៃទី៧មិនា២០២៥នេះថា៖នៅខែមេសាខាងមុខនេះ រាជរដ្ឋាភិបាលនឹងរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្ដីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវបានរៀបចំឡើងនៅមុខប្រាសាទអង្គវត្ត ខេត្តសៀមរាប។
កម្មវិធីនេះនឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដោយទទួលបានព្រះរាជកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតដែលព្រះករុណាព្រះមហាក្សត្រទ្រង់គង់ប្រថាប់ជាព្រះរាជាធិបតីក្នុងព្រះរាជពិធីដោយផ្ទាល់។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានសូមឱ្យបងប្អូនជនរួមជាតិទូទាំងព្រះនគរតាំងចិត្តជ្រះថ្លាចូលរួមបួងសួង អធិដ្ឋានដល់បារមីវត្ថុសក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីព្រះរាជាណចក្រកម្ពុជាដ៏មានឫទ្ធីចេស្តារគ្រប់ព្រះអង្គយាងប្រោះព្រុំថែរក្សាព្រះរាជាណចក្រកម្ពុជា និងព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រមទាំងប្រជានុរាស្រ្តគ្រប់ខេត្តខណ្ឌបូរី នូវសព្ទសាធុការពរជ័យ សិរីបវរមហាប្រសើរគ្រប់ប្រការ៕
អត្តបទនិងរូបថតដកចេញពីផេកផ្លូវការរបស់ឯកឧត្ដមហ៊នម៉ានី